ទឹកជំនន់ធ្វើឱ្យប៉ះពាល់ផ្នូវចំនួន៨៧ខ្សែ គិតជាកំណាត់មាន១៩៩កំណាត់

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៤ ១០ ២០២០


MC: ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មកទល់ពេលនេះ គ្រោះទឹកជំនន់បានធ្វើឱ្យលិចលង់រាជធានី-ខេត្តចំនួន១៣ និងបានបណ្តាលឱ្យផ្លូវថ្នល់ចំនួន១៩៩កំណាត់ ក្នុងចំណោមផ្លូវចំនួន៨៧ខ្សែ រងការខូចខាត។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពផ្លូវដោយជំនន់ទឹកភ្លៀងនៅតាមបណ្តោយផ្លូវជាតិលេខ៣ ព្រឹកថ្ងៃទី១៤ ខែតុលានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា កំណាត់ផ្លូវដែលរងការខូចខាតទាំងនេះ មានចម្ងាយប្រវែង២៤៥គីឡូម៉ែត្រ ប៉ុន្តែក្នុងនោះផ្លូវកៅស៊ូប្រភេទACប៉ះពាល់ប្រហែល៥គីឡូម៉ែត្រប៉ុណ្ណោះ ខណៈផ្លូវប្រភេទកៅស៊ូពីរស្រទាប់ស្តើង(DBST)ប៉ះពាល់ដល់ជាង១២០ គីឡូម៉ែត្រ និង១២០ គីឡូម៉ែត្រទៀត ជាប្រភេទផ្លូវដីក្រហម។ ឯកឧត្តម មានប្រសាសន៍ថា កំណាត់ផ្លូវដែលរងការខូចខាតទាំងនេះ នឹងត្រូវចុះធ្វើការវាយតម្លៃ ដើម្បីជួសជុលឡើងវិញនៅពេលទឹកស្រក។

បើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្រសួង និងអង្គភាពជំនាញបានដាក់គ្រឿងចក្រ ចុះកាយផ្លូវទឹក ដើម្បីកុំឱ្យកាត់ផ្តាច់កំណត់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ២០កាន់តែធ្ងន់ធ្ងរ ខណៈជំនន់ទឹកព្រែកត្នោត កំពុងហក់ឡើងខ្ពស់ និងអាចហូរកាត់ផ្លូវ។
យោងតាមសេចក្តីណែនាំរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្នុងករណីមានការកាត់ផ្តាច់ផ្លូវ-ស្ពាន មិនអាចធ្វើចរាចរណ៍បាន មន្ទីរ និងអង្គភាពជំនាញ ត្រូវចាត់កម្លាំងជាបន្ទាន់ ក្នុងការចុះជួសជុលនិងតភ្ជាប់ផ្លូវស្ពាន ដើម្បីធានាឱ្យមាននិរន្តរភាពចរាចរណ៍។
ឯកឧត្តម ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា រាល់មានការកាត់ផ្តាច់ផ្លូវ-ស្ពានដោយទឹកជំនន់ ត្រូវលើកសំណើសុំគោលការណ៍ ដើម្បីធានាចំណាយមកក្រសួងឱ្យបានឆាប់រហ័សបំផុត។ ជាមួយគ្នានេះ ត្រូវចាត់កម្លាំងតម្លើងស្លាក សញ្ញាចរាចរណ៍ និងស្លាកសញ្ញាសុវត្ថិភាពនៅតាមទីតាំងដែលកំពុង និងងាយរងគ្រោះដោយទឹកជំនន់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ជាយថាហេតុដល់អ្នកដំណើរ៕