លោកជំទាវឈឹមពៅសុកាន់ឌីអញ្ជើញត្រួតពិនិត្យស្ថានីយផ្សាយវិទ្យុជាតិកម្ពុជានៅស្រុកកណ្តាលស្ទឹង

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
កណ្កាល៖ លោកជំទាវឈឹមពៅសុកាន់ឌី អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី១៤ខែតុលា​នេះ​បានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសត្រួតពិនិត្យស្ថានីយផ្សាយវិទ្យុជាតិកម្ពុជាស្ថិតនៅភូមិវាលកណ្តោល ឃុំបាគូរ ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។
នៅក្នុងឱកាសនោះ លោកជំទាវឈឹមពៅសុកាន់ឌីបានមានប្រសាសន៍ថា ការពិនិត្យនៅស្ថានីយផ្សាយនៅពេលនេះ បន្ទាប់ពី​សង្កេតឃើញស្ថានភាពទឹកជំនន់ឡើងខ្ពស់នៅទំនប់៧មករា និងតំបន់មួយចំនួនក្បែ​ស្ថានីយនេះ​ត្រូវបានជន​លិច។
លោកជំទាវបន្តថា តាមការសង្កេតជាក់ស្តែងនៅក្នុង​ស្ថានីយផ្សាយកណ្តាល​ស្ទឹងនេះ​​មិនមានការផលប៉ះ​​ពាល់ពីគ្រោះ​ទឹកជំនន់ទេ ព្រោះតំបន់នេះ មានលក្ខណៈអំណោយផលដីខ្ពស់ មិនលិចទឹកនោះឡើយ។

យ៉ាងណា​ក៏ដោយ លោកជំទាវឈឹមពៅសុកាន់ឌី បានណែនាំដល់មន្ត្រីជំនាញប្រចាំការនៅស្ថានីយ​​ផ្សាយវិទ្យុជាតិ​កណ្តាលស្ទឹងទាំងអស់ត្រូវតាមដានមើលស្ថានភាពជាក់ស្តែងសន្ទុះជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តនេះឱ្យបានច្បាស់លាស់ដើម្បីបង្ការកុំឱ្យទឹកឡើងលិចប៉ះពាល់ដល់សម្ភារៈនិងម៉ាស៊ីនផ្សាយ។

លោកជំទាវបន្តថា ប្រសិនបើមានបញ្ហាមិនស្រួល ឬក៏ទឹកជំនន់ឡើងនោះគឺមន្ត្រីជំនាញត្រូវរាយការណ៍​​ជាបន្ទាន់មកថ្នាក់​ដឹកនាំ​ដើម្បីចាត់វិធានការឱ្យទាន់ពេលវេលា។

ជាមួយគ្នានោះ លោកជំទាវក៏បានផ្តាំផ្ញើដល់មន្ត្រីដែលប្រចាំការទាំងអស់ត្រូវ​បង្កើនការប្រុងប្រយ័ត្នខ្ពស់​ចំពោះការឆ្លង​ចរន្តអគ្គិសនី បញ្ហាសុខភាព និងសត្វអសិរពឺសផ្សេងៗនៅរដូវទឹកជំនន់នេះផងដែរ។

លោកធ្លក ម៉ាប់ ប្រធានការិយាល័យរដ្ឋបាលស្ថានីយផ្សាយវិទ្យុជាតិកម្ពុជាបានឱ្យដឹងថា ជាទូទៅយើងមានមន្ត្រី​ប្រចាំការ២៤ម៉ោងលើ២៤ម៉ោងដោយដាក់វេនគ្នាមានទាំងមន្ត្រីបច្ចេកទេស និងផ្នែកសន្តិសុខដើម្បី​តាមដានមើលបញ្ហាទឹកជំនន់នេះ។

លោកបានរាយការណ៍ជាបន្តបន្ទាប់ទៅថ្នាក់ដឹកនាំអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាពីស្ថានភាពទឹកជំនន់នេះ ដោយមិនធ្វេសប្រហែសឡើយធ្វើយ៉ាងណារក្សាការផ្សាយឱ្យបានជាប់ជានិច្ច៕