អភិបាលខេត្តបន្ទាយមានជ័យ សូមគោរពថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ថវិកា១០ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះពលរដ្ឋដោយសារទឹកជំនន់

AKP បន្ទាយមានជ័យ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី សូមគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ថវិកា១០ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជា ពលរដ្ឋដោយសារទឹកជំនន់នៅក្នុងរាជធានី-ខេត្តចំនួន៦ ក្នុងនោះ ខេត្តបន្ទាយមានជ័យ ផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា «ខ្ញុំបាទ អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យតំណាងឱ្យប្រជាពលរដ្ឋទាំងមូល ព្រមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនៅក្នុងខេត្តបន្ទាយមានជ័យ និងរាជធានី-ខេត្ត៥ទៀត»។

បើតាម​ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យឱ្យដឹងទៀតថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក៏បានឧបត្ថម្ភ ថវិកាចំនួន១០០លាន រៀលផងដែរដល់រដ្ឋបាលខេត្ត ដើម្បីជួយជនរងគ្រោះ។

ជាមួយគ្នានេះ លោកក៏បានគោរពដឹងគុណជានិច្ច ចំពោះទឹកចិត្តសប្បុរសរបស់សម្តេច ដែលតែងតែយកចិត្តទុកដាក់សន្តោសប្រណីអាណិតស្រឡាញ់ដល់ប្រជាពលរដ្ឋគ្រប់រូប។ សូមគោរពជូនពរ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ចេញថវិកាសប្បុរសធម៌ ដោយផ្តល់ជូនដល់រាជធានី-ខេត្ត ដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរចំនួន៦ ក្នុងមួយ រាជធានី-ខេត្ត ចំនួន១០ម៉ឺនដុល្លារ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្ម ពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។ រាជធានី-ខេត្តចំនួន៦ ដែលនឹងត្រូវទទួលបានថវិកាដើម្បីដោះស្រាយបញ្ហា ចំពោះមុខនាពេលនេះមាន ខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ កំពង់ស្ពឺ និងរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយព្យុះបន្តបន្ទាប់កន្លងមកនេះ បាននិងកំពុងវាយលុក នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិរដ្ឋ-ឯកជនមួយចំនួនផងដែរ។    ឆ្លើយតបនឹងស្ថានភាពនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ជំរុញឱ្យក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ សង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងជំរុញចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រដែលទទួល ខុសត្រូវ ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការ លំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។

ជាមួយនឹងការអំពាវនាវ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋ ដែលកំពុងទទួលរង គ្រោះ ដោយសារជំនន់ទឹកភ្លៀង តាមរយៈរាជរដ្ឋាភិបាលកម្ពុជា៕

ដោយ ឈុនសារ៉ាត