អភិបាលខេត្តប៉ៃលិនគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ថវិកា១០ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដោយសារទឹកជំនន់

វិទ្យុជាតិកម្ពុជា៖ មន្ទីព័ត៌មានប៉ៃលិន
ប៉ៃលិន៖ ឯកឧត្តម ផាន់ ចាន់ធុល បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានឧបត្ថម្ភថវិកា ចំនួន១០ម៉ឺនដុល្លារ តាមរយៈគណៈកម្មាធិការ​ជាតិគ្រប់​គ្រងគ្រោះមហន្ដរាយ ដល់រាជធានី-ខេត្តចំនួន៦ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ​រងគ្រោះដោយ​សារជំនន់​ទឹកភ្លៀង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ចេញថវិកា​សប្បុរសធម៌ ដោយផ្តល់ជូនដល់រាជធានី-ខេត្ត ដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរចំនួន៦ ក្នុងមួយរាជធានី-ខេត្តចំនួន១០ម៉ឺនដុល្លារ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដើម្បីដោះស្រាយ​បញ្ហាចំពោះមុខ។

បើតាមលោកទេសរដ្ឋមន្រ្តី គន់ គីម, រាជធានី-ខេត្តចំនួន៦ ដែលនឹងត្រូវទទួលបានថវិកា​ដើម្បីដោះស្រាយបញ្ហា​ចំពោះ​មុខ​​នាពេលនេះ មានខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ កំពង់ស្ពឺ និងរាជធានីភ្នំពេញ​ជាដើម​។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយព្យុះបន្តបន្ទាប់កន្លងមកនេះ បាននិងកំពុងវាយលុក នៅតាមបណ្តា​រាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាព រស់នៅរបស់​​ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិរដ្ឋ-ឯកជនមួយចំនួនផងដែរ។ សម្រាប់ខេត្តប៉ៃលិន មានប្រជាពលរដ្ឋជាង៧០០គ្រួសារ បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។
ឆ្លើយតបនឹងស្ថាន​ភាពនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ជំរុញឱ្យក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងជំរុញចាត់វិធានការចាំបាច់នានា និងដឹកនាំ​​កម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ដើម្បីទប់ទល់នឹង​គ្រោះទឹក​ជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។

ជាមួយនឹងការអំពាវនាវ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរ ដល់សប្បុរសជននានា ដែលបាន​ចូលរួមឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង តាមរយៈរាជរដ្ឋាភិបាលកម្ពុជា៕