លោក ត្រាំ រំពឹងថា អ៊ីរ៉ង់នឹងទាក់ទងទៅលោកមុនគេបង្អស់ ប្រសិនបើលោកឈ្នះការបោះឆ្នោតក្នុងខែវិច្ឆិកាខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០​ — ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់នឹងអន្ទះសារខ្លាំងក្នុងការធ្វើកិច្ចព្រមព្រៀងថ្មីមួយជាមួយសហរដ្ឋអាមេរិក ប្រសិនបើលោកឈ្នះការបោះឆ្នោតក្នុងខែវិច្ឆិកាខាងមុខនេះ។

កាលពីចុងខែមុន រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយថា លោកសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តគោលនយោបាយបច្ចុប្បន្នរបស់ខ្លួនជាមួយប្រទេសអ៊ីរ៉ង់ ដោយមិនគិតពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកាខាងមុខនេះទេ។

លោក ត្រាំ បាននិយាយនៅឯយុទ្ធនាការមួយកាលពីថ្ងៃច័ន្ទនៅទីក្រុង Sanford រដ្ឋ Florida ថា «ខ្ញុំបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏មហន្តរាយរបស់រដ្ឋបាលចុងក្រោយ« ដោយលោកបាននិយាយបន្ថែមថា «បន្ទាប់ពីយើងឈ្នះការបោះឆ្នោត ប្រហែលជាមានការទាក់ទងមកមុនគេបង្អស់ដែលខ្ញុំនឹងទទួលបានពីអ៊ីរ៉ង់ដើម្បីធ្វើកិច្ចព្រមព្រៀងមួយ ពីព្រោះពួកគេមានការធ្លាក់ចុះ ២៨ភាគរយនៃផលិតផលក្នុងស្រុកសរុប»។

លោក Pompeo បានអះអាងថា បណ្តាប្រទេសនៅសហភាពអ៊ឺរ៉ុប ដូចជាបារាំង អាឡឺម៉ង់ និងចក្រភពអង់គ្លេស ពេញចិត្តនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះអ៊ីរ៉ង់ បើទោះបីជាពួកគេមិនចង់ទទួលស្គាល់ជាសាធារណៈក៏ដោយ។

ថ្លែងទៅកាន់អ្នកគាំទ្ររបស់លោកនៅទីក្រុង Dayton នៃរដ្ឋ Ohio កាលពីខែកញ្ញា លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកចង់អោយអ៊ីរ៉ង់ក្លាយជាប្រទេសរឹងមាំមួយ ប៉ុន្តែមិនចង់អោយប្រទេសនេះមានអាវុធនុយក្លេអ៊ែរទេ។

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយទៅលើធនាគារប្រេង និងវិស័យផ្សេងៗទៀតនៃសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ បន្ទាប់ពីការដកខ្លួនរបស់រដ្ឋបាលលោក ត្រាំ ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរពហុជាតិជាមួយទីក្រុងតេអេរ៉ង់កាលពីឆ្នាំ ២០១៨៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)