មេដឹកនាំបក្សប្រឆាំងនៅបេឡារុស្សផ្តល់ពេលវេលាពីរសប្តាហ៍ដល់ទីក្រុង Minsk ដើម្បីបំពេញតាមការទាមទារ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០​ — អតីតបេក្ខភាពប្រធានាធិបតីបេឡារុស្ស លោកស្រី Svetlana Tikhanovskaya បានប្រកាសថា ក្រុមប្រឆាំងបេឡារុស្សមានបំណងផ្លាស់ទៅរកសកម្មភាពដ៏សកម្មក្នុងរយៈពេល ២សប្តាហ៍ទៀត ប្រសិនបើការទាមទាររបស់ខ្លួនមិនត្រូវបានឆ្លើយតប។

លោកស្រីបានសរសេរនៅលើបណ្តាញ Telegram របស់លោកស្រីថា «យើងប្រកាសអំពីឱសានវាទជាតិនៅថ្ងៃទី ២៥ ខែតុលា»។ លោកស្រី Tikhanovksaya បាននិយាយបន្ថែមថា ក្រុមប្រឆាំងរំពឹងថា អាជ្ញាធរជាតិនឹងគោរពតាមរាល់ការទាមទាររបស់ពួកគេមុនកាលបរិច្ឆេទនេះ រួមទាំងការលាលែងពីតំណែងរបស់លោកប្រធានាធិបតី Alexander Lukashenko ដែលកំពុងកាន់អំណាចផងដែរ ស្របពេលដែលភ្នាក់ងារពង្រឹងច្បាប់គួរតែបញ្ឈប់ការបំបែកការតវ៉ា និងដោះលែងឥស្សរជនបក្សប្រឆាំងទាំងអស់ដែលត្រូវបានចាប់ខ្លួន។

លោកស្រី Tikhanovskaya បានអះអាងថា ប្រសិនបើអាជ្ញាធរខកខានមិនបានបំពេញតាមការទាមទារទាំងនេះទេ ក្រុមប្រឆាំងនឹងរៀបចំធ្វើកូដកម្មបិទផ្លូវនានា ហើយនឹងអំពាវនាវឱ្យអ្នកគាំទ្របញ្ឈប់ការទិញទំនិញនៅក្នុងហាងនានារបស់រដ្ឋ។

គួររំលឹកថា បាតុកម្មទូទាំងប្រទេសបានឡោមព័ទ្ធប្រទេសបេឡារុស្សបន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី ៩ សីហាកន្លងមក។ យោងតាមលទ្ធផលផ្លូវការរបស់គណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោត ប្រធានាធិបតីកំពុងកាន់អំណាច លោក Alexander Lukashenko បានឈ្នះដោយភ្លូកទឹកភ្លូកដីដែលទទួលបានសម្លេងគាំទ្រ ៨០,១០ភាគរយនៃសម្លេងឆ្នោត។ គូប្រជែងកៀកបំផុតរបស់លោកនៅក្នុងការបោះឆ្នោតនេះ គឺលោកស្រី Svetlana Tikhanovskaya ដែលបានជាប់ចំណាត់ថ្នាក់ទី ២ ដែលមានសន្លឹកឆ្នោតគាំទ្រចំនួន ១០,១២ភាគរយ។ ទោះជាយ៉ាងណា លោកស្រីបានបដិសេធមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ ហើយបានចាកចេញពីប្រទេសបេឡារុស្សទៅកាន់ប្រទេសលីទុយអានី។ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតត្រូវបានប្រកាសនៅល្ងាចថ្ងៃទី ៩ ខែសីហា ការតវ៉ាទ្រង់ទ្រាយធំបានផ្ទុះឡើងនៅទីក្រុង Minsk និងទីក្រុងដទៃទៀតនៅក្នុងប្រទេសបេឡារុស្ស។ ក្នុងអំឡុងពេលក្រោយការបោះឆ្នោត មានការផ្ទុះឡើងនូវការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងក្រុមបាតុករ និងមន្រ្តីប៉ូលីស។ ភាពវឹកវរនាពេលបច្ចុប្បន្ននេះកំពុងត្រូវបានលើកទឹកចិត្តដោយក្រុមប្រឹក្សាសម្របសម្រួលរបស់បក្សប្រឆាំងដែលបានវាយស្គរសម្រាប់ការតវ៉ាបន្ថែមទៀត។ ជាការឆ្លើយតប អាជ្ញាធរបេឡារុស្សបានទាមទារឱ្យបញ្ឈប់ការធ្វើបាតុកម្មដែលគ្មានការអនុញ្ញាតទាំងនេះ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)