ប្រទេសស៊ុយអែតបង្ហាញសញ្ញានៃការចាប់អារម្មណ៍ ចំពោះវ៉ាក់សាំងមេរោគកូរ៉ូណាវីរុសរបស់រុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០​ — កាលពីថ្ងៃអង្គារ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសស៊ុយអែត លោក Viktor Tatarintsev បានប្រាប់ភ្នាក់ងារសារព័ត៌មាន TASS ថា ក្រុមអ្នកជំនាញស៊ុយអែតបានចាប់ផ្តើមយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសរុស្ស៊ី ស្តីពីវ៉ាក់សាំងការពារមេរោគឆ្លងកូរ៉ូណាវីរុសរបស់ខ្លួនដែលមានឈ្មោះថា Sputnik V ។

លោកបានគូសបញ្ជាក់ថា «យើងបានកត់សម្គាល់ថា រដ្ឋធានី Stockholm បានចាប់ផ្តើមបង្ហាញសញ្ញានៃការចាប់អារម្មណ៍ទៅលើវ៉ាក់សាំងការពារមេរោគកូរ៉ូណាវីរុសរបស់រុស្ស៊ីឈ្មោះ Sputnik V»។

យោងតាមប្រេសិតរូបនេះបានឲ្យដឹងថា ទីក្រុងមូស្គូបានប្រើបណ្តាញការទូតដើម្បីផ្តល់ជូនស៊ុយអែតនូវកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ផលិតកម្ម និងការចាក់វ៉ាក់សាំង ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបជាផ្លូវការនៅឡើយទេ។ ទន្ទឹមនឹងនេះដែរ អ្នកការទូតរូបនេះបានសង្កត់ធ្ងន់ទៅលើការពិតដែលថា ក្រុមអ្នកជំនាញផ្លូវការរបស់ស៊ុយអែតបានចាប់ផ្តើមយកចិត្តទុកដាក់ចំពោះវ៉ាក់សាំងនេះ។ ជាពិសេស លោកបានគូសបញ្ជាក់អំពីការពិតដែលថា អ្នកសម្របសម្រួលរបស់រដ្ឋាភិបាលស៊ុយអែតសម្រាប់វ៉ាក់សាំងការពារមេរោគកូរ៉ូណាវីរុស លោក Rikard Bergstrom បានប្រាប់កាសែតសារព័ត៌មាន Dagens Nyheter ថា វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌល Gamaleya របស់ប្រទេសរុស្ស៊ីនេះ គឺគួរឱ្យចាប់អារម្មណ៍ណាស់។ មន្រ្តីរបស់ស៊ុយអែតរូបនេះក៏បានបញ្ជាក់ផងដែរថា ការផ្តល់ជូននូវកិច្ចសហប្រតិបត្តិការរបស់រុស្ស៊ីកំពុងត្រូវបានសិក្សា ឥឡូវនេះលោកគ្រោងនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលមានសក្តានុពលទៅលើវ៉ាក់សាំងជាមួយអ្នកជំនាញរុស្ស៊ី។ កាសែតនេះក៏បានដកស្រង់ការអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីដែលបាននិយាយផងដែរអំពីគុណសម្បត្តិនៃវ៉ាក់សាំងរុស្ស៊ី និងចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មដើម្បីជំរុញវានៅក្នុងពិភពលោក។

លោក Tatarintsev បាននិយាយបន្ថែមថា «ខ្ញុំសង្ឃឹមថា សញ្ញាវិជ្ជមានដែលត្រូវបានចេញផ្សាយនៅក្នុងសារព័ត៌មានស៊ុយអែតទាក់ទងនឹងចំណាប់អារម្មណ៍ដែលអាចធ្វើទៅបានរបស់ទីក្រុង Stockholm ក្នុងការធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ នឹងប្រែទៅជាការឆ្លើយតបជាផ្លូវការទៅនឹងប្រទេសរុស្ស៊ី»៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)