កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើកិច្ចចរចាសេដ្ឋកិច្ចជាន់ខ្ពស់នៅក្នុងសប្តាហ៍នេះ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០​ — កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើកិច្ចពិភាក្សាអនុរដ្ឋមន្រ្តីសេដ្ឋកិច្ច តាមរយៈតំណភ្ជាប់វីដេអូនៅក្នុងសប្តាហ៍នេះ ដែលត្រូវបានគេរំពឹងថានឹងផ្តោតសំខាន់ទៅលើគំនិតផ្តួចផ្តើមគោលនយោបាយផ្សេងៗរបស់សហរដ្ឋអាមេរិក ដែលមានគោលបំណងប្រឆាំងនឹងប្រទេសចិន។

ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា យោងតាមអនុរដ្ឋមន្រ្តីទី ២ នៃក្រសួងការបរទេស កូរ៉េខាងត្បូង លោក Lee Tae-ho លោក Keith Krach អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា សម្រាប់កំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន នឹងត្រូវបានពិភក្សានៅក្នុងកិច្ចសន្ទនាសេដ្ឋកិច្ចជាន់ខ្ពស់ប្រចាំឆ្នាំលើកទី ៥ (SED) ដែលគ្រោងធ្វើនៅថ្ងៃពុធនេះ។

កិច្ចសន្ទនា SED នៅក្នុងឆ្នាំនេះ ត្រូវបានគេសន្មត់ថាធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែភាគីទាំងពីរបានសម្រេចថានឹងធ្វើឡើងជាកិច្ចប្រជុំនិម្មិត្ត ដោយសារបញ្ហាការរាត្បាតជំងឺកូវីដ-១៩ ។

កិច្ចចរចានេះបានកើតឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យមានការកសាងរណសិរ្សបង្រួបបង្រួមមួយជាមួយបណ្តាប្រទេសដែលមានគំនិតដូចគ្នា ដើម្បីរក្សាការត្រួតពិនិត្យទៅលើប្រទេសចិន ដោយក្នុងនោះរួមមានគំនិតផ្តួចផ្តើមមួយដើម្បីផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកឱ្យនៅឆ្ងាយពីប្រទេសចិន ដែលត្រូវបានគេស្គាល់ថា ជាបណ្តាញវិបុលភាពសេដ្ឋកិច្ច (EPN) ។

បណ្តាមន្ត្រីមួយចំនួនបាននិយាយថា កាលពីក្នុងខែមិថុនា លោក Krach បានពន្យល់ដល់កូរ៉េខាងត្បូងអំពីគំនិតរបស់ EPN ក្នុងកំឡុងពេលនៃកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Lee។

នៅក្នុងកិច្ចពិភាក្សានៅក្នុងថ្ងៃពុធនេះ ភាគីសហរដ្ឋអាមេរិកក៏អាចស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារបស់កូរ៉េខាងត្បូងសម្រាប់ការដាក់ទណ្ឌកម្មរបស់ខ្លួនដែលកំណត់ការផ្គត់ផ្គង់បន្ទះឈីបសកលលោកដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ដោយផ្អែកទៅលើមូលហេតុដែលទីក្រុងវ៉ាស៊ីនតោនបានលើកឡើងថា ជាការព្រួយបារម្ភផ្នែកសន្តិសុខ។

កិច្ចសន្ទនា SED ចុងក្រោយត្រូវបានធ្វើឡើងនៅទីក្រុងសេអ៊ូល កាលពីខែវិច្ឆិកាឆ្នាំមុន៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)