ឥណ្ឌូណេស៊ីធ្វើពិពិធកម្មការផ្គត់ផ្គង់វ៉ាក់សាំងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០​ — រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Retno Marsudi និងរដ្ឋមន្រ្តីសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ លោក Erick Thohir បានចាកចេញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេស និងស៊ុយអែត កាលពីថ្ងៃទី ១២ ខែតុលា។ ដំណើរទស្សនកិច្ចនេះមានគោលបំណងដើម្បីធានាការសន្យាពីប្រភពផ្សេងៗទៀតសម្រាប់វ៉ាក់សាំងជំងឺកូវីដ-១៩ ដោយយោងតាមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការវ៉ាក់សាំងទ្វេភាគី។

នៅពេលមុននេះ រដ្ឋមន្រ្តីទាំងពីរបានធ្វើដំណើរទស្សនកិច្ចស្រដៀងគ្នានេះទៅកាន់ប្រទេសចិន និងអេមីរ៉ាតអារ៉ាប់រួមផងដែរ ដែលពួកគេបានធានានូវការផ្គត់ផ្គង់វ៉ាក់សាំងជំងឺកូវីដ-១៩ ដ៏មានសក្តានុពលចំនួន ៣០០លានដូសហូតដល់ដំណាច់ឆ្នាំក្រោយ។

យោងតាមរដ្ឋមន្រ្តីសម្របសម្រួលសេដ្ឋកិច្ច លោក Airlangga Hartanto បានឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីតាមរយៈក្រសួងសុខាភិបាល នឹងទិញវ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca ក្នុងកិច្ចសន្យាចំនួន ១០០លានដូស។ ប្រទេសនេះនឹងទូទាត់ដោយការបង់រំលោះ ៥០ភាគរយនៅចុងខែនេះ ដែលមានចំនួនប្រមាណជា ២៥០លានដុល្លារអាមេរិក។

ក្រុមហ៊ុន AstraZeneca កំពុងបង្កើតវ៉ាក់សាំងជំងឺកូវីដ-១៩ ជាមួយនឹងសាកលវិទ្យាល័យ Oxford ហើយវាស្ថិតក្នុងចំណោមអ្នកឈានមុខគេក្នុងការផលិតវ៉ាក់សាំងនេះនៅក្នុងសកលលោក ដែលអាចផ្តល់ការវិភាគទិន្នន័យដំបូងពីការសាកល្បងដ៏ធំរបស់ពួកគេក្នុងរយៈពេលពីរខែបន្ទាប់។

ក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុប គណៈប្រតិភូឥណ្ឌូណេស៊ីនឹងជួបប្រជុំជាមួយប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesys ក៏ដូចជាអ្នកតំណាងមកពីសម្ព័ន្ធវ៉ាក់សាំង និងសម្ព័ន្ធភាពសម្រាប់ការច្នៃប្រឌិតការត្រៀមបង្ការការរាតត្បាត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)