ឥណ្ឌូណេស៊ីស្ថិតក្នុងប្រទេសកំពូលទាំង ៥ ដែលទទួលបានជោគជ័យ ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០​ — លោក Airlangga Hartarto រដ្ឋមន្រ្តីសម្របសម្រួលសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយថា ប្រទេសឥណ្ឌូណេស៊ីស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ៥ ដែលបានទទួលជោគជ័យក្នុងការបន្ធូរបន្ថយស្ថានភាពជំងឺកូវីដ-១៩ និងជំរុញការស្តារសេដ្ឋកិច្ចជាតិឡើងវិញ។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅ ការិយាល័យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB)  លោកបាននិយាយថា អត្រានៃអ្នកឆ្លងជំងឺកូវីដ-១៩ គឺទាបជាងពេលមុន ខណៈដែលអត្រានៃការជាសះស្បើយឡើងវិញគិតត្រឹមថ្ងៃទី ១១ ខែតុលា មានចំនួន ៧៦,៤៨ភាគរយបើប្រៀបធៀបទៅនឹងអត្រាមធ្យមសកលលោក ដែលមានចំនួន ៧៥ភាគរយ។

បើទោះបីជាអត្រាអ្នកស្លាប់នៅតែខ្ពស់ជាងមធ្យមភាគសកលលោកក៏ដោយ ក៏ការឆ្លើយតបទៅនឹងជំងឺរាតត្បាតនេះនៅទីក្រុងចំនួនប្រាំបីដែលត្រូវបានចាត់ថ្នាក់ជាតំបន់ភ្លើងក្រហមបានបង្ហាញនិន្នាការវិជ្ជមានដែរ។

នាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងផ្តោតសំខាន់ទៅលើការគ្រប់គ្រងខ្នាតតូចនៅក្នុងទីក្រុងមួយចំនួន រួមមានទីក្រុងហ្សាការតាខាងត្បូង ទីក្រុងហ្សាការតាខាងកើត ទីក្រុង Pekanbaru ទីក្រុង Depok ទីក្រុង Bekasi និងទីក្រុង Ambon ក៏ដូចជាបន្តផ្តល់ជំនួយសម្រាប់សាធារណៈ និងវិស័យធុរកិច្ចផងដែរ។

យោងតាម ​​Airlangga បានឲ្យដឹងថា សេដ្ឋកិច្ចឥណ្ឌូណេស៊ីនឹងកើនឡើងចន្លោះពី -១ភាគរយ ដល់ ០,៦ភាគរយនៅក្នុងឆ្នាំ ២០២០ នេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)