នាយករដ្ឋមន្ត្រីជប៉ុនបញ្ជាក់អំពីការធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសវៀតណាម និងឥណ្ឌូណេស៊ីនៅពាក់កណ្តាលខែតុលានេះ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០​ — នាយករដ្ឋមន្រ្តីជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា ដែលបានចូលកាន់តំណែងនេះកាលពីថ្ងៃទី ១៦ ខែកញ្ញា បានបញ្ជាក់អំពីទិសដៅរបស់លោកសម្រាប់ដំណើរទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូង គឺប្រទេសវៀតណាម និងឥណ្ឌូណេស៊ី។

ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថានឹងធ្វើឡើងចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែតុលា។

កាលពីថ្ងៃទី ១៣ ខែតុលា ជាមួយនឹងការបង្ហាញអំពីគម្រោងនេះនៅក្នុងកិច្ចប្រជុំប្រតិបត្តិនៃគណបក្សប្រជាធិបតេយ្យសេរីដែលជាគណបក្សគ្រប់គ្រងដ៏សំខាន់របស់ប្រទេសជប៉ុន លោក ស៊ូហ្កា បានពណ៌នាថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺជាគន្លឹះឆ្ពោះទៅកាន់សេរីភាព និងការបើកចំហតំបន់ ឥណ្ឌូ – ប៉ាស៊ីហ្វិក។

លោកបាននិយាយថា លោកមានគោលបំណងដើម្បីបង្ហាញថា ប្រទេសជប៉ុននឹងនាំមុខក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក តូស៊ីមីតស៊ុ ម៉ូតេជី រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបាននិយាយថា ដំណើរទស្សនកិច្ចនេះមានតួនាទីសំខាន់ក្នុងការធ្វើឱ្យមានចក្ខុវិស័យសេរីភាព និងបើកចំហសម្រាប់តំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។

លោកបាននិយាយបន្ថែមថា ជប៉ុនអាចពិភាក្សាដោយស្មោះត្រង់ជាមួយវៀតណាម និងឥណ្ឌូណេស៊ី អំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាបញ្ហានានាក្រោយវិបត្តិនៃជំងឺរាតត្បាត ដែលវាពិតជាមានអត្ថន័យណាស់។ ប្រទេសវៀតណាម គឺជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ ខណៈដែលប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសដ៏ធំមួយនៅក្នុងប្លុកនេះ។

គម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសសមាជិកអាស៊ាននេះបានកើតឡើងនៅពេលដែលប្រទេសជប៉ុនបានព្យាយាមពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់ ចំពេលដែលកំពុងមានភាពតានតឹងកើនឡើងរវាងសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់ខ្លួន គឺសហរដ្ឋអាមេរិក និងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន គឺប្រទេសចិន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)