ប្រជាពលរដ្ឋរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត ត្រូវបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកស្ទឹងព្រែកត្នោត កាន់តែហក់ឡើងខ្លាំង

វិទ្យុជាតិកម្ពុជា​៖

ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានី
ភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត ក្នុងមូលដ្ឋានខណ្ឌដង្កោ ឱ្បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកស្ទឹងព្រែកត្នោត កាន់តែហក់ឡើងខ្លាំង ងាយប្រឈមនឹងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញអំពាវនាវដូច្នេះក្នុងឱកាសដឹកនាំមន្ដ្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពតាមភូមិដ្ឋានរបស់ប្រជាពលរដ្ឋដែលត្រូវជំនន់ទឹកស្ទឹងព្រែកត្នោតវាយប្រហារនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យអភិបាលខណ្ឌដង្កោ ចុះចលនាប្រជាជនតាមភូមិ ចូលរួមលើកដី ធ្វើជាទំនប់ទប់ទឹក នៅតាមសណ្ដរ
ស្ទឹងព្រែកត្នោតនេះផងដែរ។ ពិសេសអ្នកមានដីតាមដងស្ទឹង ចូលរួមចែករំលែកជួយជាគ្រឿងចក្រ កាយដី ដើម្បីលើកជាទំនប់ ការពារទឹកហូរកុំឱ្យដល់ភូមិដ្ឋានផ្សេងទៀត ដូចនៅសង្កាត់គងណយ ខណ្ឌដង្កោ និងមួយផ្នែកទៀតនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ។
សូមបញ្ជាក់ថា គិតត្រឹមវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋចំនួន៧៧១គ្រួសារហើយ នៅខណ្ឌដង្កោ ដែលត្រូវទឹកជំនន់វាយប្រហារ។
ស្ថានភាពទឹកនៅទ្វារ ទំនប់អាងទឹក៧មករាព្រឹកនេះទឹក មានកម្ពស់៨,៨០ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញមានការកើនឡើង ០,៤៥ម៉ែត្របន្ថែម លើសកម្ពស់ទឹកដែលឱ្ហ់មានការប្រុងប្រយ័ត្ន ៧ម៉ែត្រ ធ្វើឲ្យកម្ពស់ទឹកក្នុងស្ទឹងឡើងជិតស្មើនឹងខ្នងទំនប់នៅតាមទីទំនាបមួយចំនួន៕