ក្រសួងសុខាភិបាលណែនាំប្រជាពលរដ្ឋត្រូវការពារសុខភាពនៅអំឡុងពេល និងក្រោយពេលទឹកជំនន់

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តន៍ វិធានការថែរក្សាសុខភាពឱ្យបានជាប់ជាប្រចាំតាមរយៈ រក្សានូវអនាម័យដៃនិងខ្លួនប្រាណឱ្យបានស្អាតជាប់ជានិច្ច។
លោកជំទាវបានណែនាំថា ប្រជាពលរដ្ឋត្រូវលាងសម្អាតរឺងូតទឹក ដោយត្រូវដុសជាមួយសាប៊ូ ហើយការពារនូវការឆ្លងជំងឺឆ្លងផ្សេងៗ ដូចជា ជំងឺរាគ ពុលចំណីអាហារ ជំងឺរលាកផ្លូវដង្ហើម ស្រាវស្រាញ ជំងឺផ្តាសាយ និងជំងឺឆ្លងផ្សេងៗទៀត ។ បរិភាគនូវចំណីអាហារដែល ស្អាត ចំអិនឱ្យបានល្អត្រឹមត្រូវ ត្រូវពិសារទឹកដាំពុះ ព្រមទាំងប្រើប្រាស់ទឹកស្អាតឬក៏ទឹកដែលមានដាក់ ក្លរ៉ាមីនឬថ្នាំក្លរីន ដែលមានកម្រិត ៥០០មីលីក្រាមនេះ ចំនួន២គ្រាប់ លាយទឹកបាន២០លីត្រ និងត្រូវលាងសម្អាតបន្លែនិងផ្លែឈើឱ្យបានស្អាតបាត ។ ត្រូវការពារនិងត្រូវប្រុងប្រយ័ត្នកុំឱ្យមានសត្វពស់ចឹកឬសត្វអាសិរពិស ទិចឬខាំ ។ សម្រាន្តក្នុងមុងគ្រប់ពេល ស្លៀកពាក់សម្លៀកបំពាក់វែងៗ ដើម្បីការពារកុំឱ្យមូសខាំព្រោះវាអាចចម្លងជំងឺផ្សេងៗដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់ ជំងឺគ្រុនឈីក និងជំងឺផ្សេងៗទៀត ។ ស្រ្តីមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់តាមពេលវេលាកំណត់របស់គ្រូពេទ្យ ប្រសិនបើស្រ្តីមានផ្ទៃពោះជិតដល់ពេលសម្រាលកូនហើយនោះ គឺត្រូវរកកន្លែងស្នាក់នៅ ក្បែរមណ្ឌលសុខភាពរឺមន្ទីរពេទ្យបង្អែក ដើម្បីងាយស្រួលនូវពេលដែលឈឺពោះសម្រាលកូននោះ ។

លោកជំទាវបន្តថា មាតាបិតារឬអាណាព្យាបាលត្រូវនាំ បុត្រា បុត្រី កុមារា កុមារី ទៅចាក់ថ្នាំបង្ការតាមពេលវេលានិងការកំណត់ឱ្យបានទៀងទាត់ នឹងផ្តល់ចំណីអាហារឱ្យបានគ្រប់គ្រាន់និងត្រឹមត្រូវទៅដល់ពួកគេ ដើម្បីចៀសវាងនូវបញ្ហាផ្សេងៗដូចជាកង្វះនូវចំណីអាហារជាដើម ។

លោកជំទាវបានណែនាំបន្ថែមថា នៅពេលទឹកស្រកប្រជាពលរដ្ឋវិលត្រឡប់ទៅកាន់ផ្ទះសវិញត្រូវពិនិត្យផ្ទះជាមុនសិន ក្រែងស្រុតរឺមានសត្វពស់នៅ ត្រូវសម្អាតផ្ទះនិងបរិវេណជុំវិញផ្ទះ ឱ្យបានស្អាតមុនចូលទៅរស់នៅ ។ ត្រូវស្តារទឹកអណ្តូងទឹកកង្វក់ចេញមុននឹងប្រើ។ ត្រូវរៀបចំបង្គន់អនាម័យឱ្យបានត្រឹមត្រូវហើយត្រូវបន្ទោបង់ក្នុងបង្គន់ឱ្យជាប់ជានិច្ចចៀសវាងការបន្ទោបង់ពាសវាលពាសកាល ៕