ក្រសួងកសិកម្ម ជំរុញឱ្យប្រជាកសិករពង្រីកការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារឱ្យបានច្រើន

វិទ្យុជាតិកម្ពុជា៖ លោកស៊ុន សំនៀង
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានជំរុញឱ្យប្រជាកសិករបង្កើន​ការពង្រីក ការចិញ្ចឹមត្រីបន្ថែម ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូលពីប្រទេសក្រៅ។

ថ្លែងក្នុងឱកាសដឹកនាំប្រតិភូចម្រុះរវាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សហភាពអឺរ៉ុប និងតំណាងអង្គការ AFD ,FAO និង UNIDO អញ្ជើញទៅកាន់ទឹកដីអង្គរ ក្នុងបំណងចុះមកពិនិត្យតាមដាន និងវាយតម្លៃលើវឌ្ឍនភាព កាលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រជាកសិករទាំងអស់ត្រូវតែយកចិត្ត​ទុកដាក់លើការចិញ្ចឹមត្រីបន្ថែមទៀត ព្រោះនេះជាប្រភពប្រាក់ចំណូលក្នុងគ្រួសារ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ​ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ឯកឧត្តម បានណែនាំម្ចាស់កសិដ្ឋានចិញ្ចឹមត្រី ត្រូវតែគិតគូរពីការកែច្នៃនៅនឹងកន្លែង ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងកាត់បន្ថយភាពជន់ជោរនៃផលត្រីចាប់នៅរាល់រដូវប្រមូលផល។

កាលពីខែកក្កដាឆ្នាំ២០២០កន្លងមកនេះ សម្ដេចចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងស្ថាប័នពាក់ព័ន្ធត្រូវខិតខំជំរុញកសិករធ្វើ​វារីវប្បកម្មឱ្យបានច្រើន ក្នុងនោះរាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកាចំនួន៥០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់វិស័យវារីវប្បកម្ម។

ការទម្លាក់ថវិកាវិនិយោគលើការចិញ្ចឹមត្រីក្នុងស្រុកនេះ ជាការផ្តល់ការងារជូនប្រជាពលរដ្ឋ និងការបង្កើនប្រាក់​ចំណូល ជូនប្រជាពលរដ្ឋ ហើយសម្តេចតេជោក៏បានជំរុញឱ្យពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ និងពលរដ្ឋ​ដែលរងផលប៉ះពាល់ ដោយកូវីដ-១៩ អាចងាកមកចាប់មុខរបរចិញ្ចឹមត្រី ដោយរដ្ឋ នឹងផ្តល់នូវកូនត្រី រួមនឹងជួយ​បណ្តុះបណ្តាល បច្ចេកទេស ចិញ្ចឹមត្រីថែមទៀតផង៕