ក្រសួងការពារជាតិបន្តបើកប្រាក់ឧបត្ថម្ភគោលនយោបាយ ជូនយោធិន សោធននិវត្តន៍ និងយោធិនពិការនៅបញ្ជាការដ្ឋានយោធភូមិភាគទី៥

វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ ក្រសួងការពារជាតិ បានបន្ត បើកប្រាក់ឧបត្ថម្ភគោលនយោបាយ ជូនយោធិន សោធននិវឌ្ឍន៍ និងយោធិនពិការ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ និងតំបន់ប្រតិបត្តិការសឹករងបាត់ដំបងចំនួន ២០៩ នាក់ក្នុងផែនការឆ្នាំ២០២០ របស់ក្រសួងការពារជាតិ ចំនួន៣០០០ នាក់។
ពិធីនេះរៀបចំឡើង នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ តាមរយៈអនុគណកម្មការគោលនយោបាយយោធិន​ពលី​មរណៈ បាត់ខ្លួន ពិការ និងសោធននិវត្តន៍ ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួង ការពារជាតិ ដើម្បីផ្ទេរជីវភាពចេញពីជួរកងយោធពលខេមរភូមិន្ទទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិ សម្បទា ក្នុងផែនការឆ្នាំ២០២០ របស់ក្រសួងការពារជាតិ ចំនួន៣០០០នាក់។
ក្នុងនោះយោធភូមិភាគទី៥ ចំនួន ១៥៦ នាក់ និងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ចំនួន ៥៣នាក់ ។
ឯកឧត្តម ក៏បានធ្វើការពន្យល់ដោយផ្អែកលើគោលការណ៍ច្បាប់ និងគោលរបប ដែលត្រូវទទួលបានក្នុងពេលនេះ តាមព្រះរាជ ក្រមលេខ០៧ អនុក្រឹត្យ១១៥ ប្រកាស០៥៦ ជាពិសេសបិទប្រកាសគោលរបបជាសាធារណ: ដើម្បីឱ្យយោធិនដឹងច្បាស់ ពីចំនួនទឹកប្រាក់សរុបរបស់ខ្លួន មុនពេលចូលទៅបើក។
ឯកឧត្តម សំ ចាន់ធួន បានសំណូមពរដល់បងប្អូនទាំងអស់ នៅពេលបានបើកប្រាក់គោលរបបបានហើយ ត្រូវយកទៅប្រើប្រាស់ឱ្យចំគោលដៅរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងការពារជាតិចង់បាន ក្នុងន័យជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែល្អប្រសើរ៕