អាជ្ញាធរជាតិអប្សរាប្រើប្រាស់ប្រព័ន្ធរំដោះទឹកពីសម័យបុរាណដើម្បីបញ្ចៀសការលិចលង់ក្នុងតំបន់ឧទ្យានអង្គរ

វិទ្យុជាតិកម្ពុជា លោកអេង យូ

សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានប្រើប្រាស់ប្រព័ន្ធរំដោះទឹកពីសម័យបុរាណ ដើម្បីរំដោះទឹក ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងបង្វែរទឹកទាំងនោះមករក្សាទុកសម្រាប់បម្រើឱ្យវិស័យបេតិកភ័ណ្ឌ និងការប្រើប្រាស់ក្នុងវិស័យកសិកម្មរបស់ប្រជាពលរដ្ឋ ។
ថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នាព្រឹកថ្ងៃទី ១៣ ខែតុលានេះ លោកឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការប្រើប្រាស់ប្រព័ន្ធរំដោះទឹកពីសម័យបុរាណរហូតមក ដល់ពេលនេះ នៅតែមាន ប្រសិទ្ធភាពខ្ពស់ក្នុងការបង្វែរទឹកមិនឱ្យជន់លិចតំបន់ឧទ្យានអង្គរ។ ប្រពន្ធរំដោះទឹកនេះ ក៏បានចែកចាយទឹកបន្តទៅកាន់ទីតាំងផ្សេងៗទៀតទុកជាប្រយោជន៍ដល់វិស័យបេតិកភ័ណ្ឌ និងបម្រើផលប្រយោជន៍ក្នុងវិស័យកសិកម្មរបស់ប្រជាពលរដ្ឋ។
លោកបន្តថា៖«ស្ថានភាពទឹកនៅតំបន់អង្គរគឺយើងធ្វើការគ្រប់គ្រងបាន អត់មានបញ្ហាអីទេ អ្វីដែលសំខាន់យើងបានប្រើប្រាស់ នៅពេលប្រើប្រាស់ប្រព័ន្ធធារាសាស្ត្របុរាណ វាជាចំណុចសំខាន់បានន័យថា អ្វីដែលជាការរៀបចំពីមុនមក របស់បុព្វបុរសខ្មែរយើង ពីរាប់រយរាប់ពាន់ឆ្នាំមកហើយនៅតែមានប្រសិទ្ធភាព ទី២ដោយសារតែរចនាសម្ព័ន្ធដែលគាត់សាងសង់បន្សល់ទុកឱ្យយើងនាពេលបច្ចុប្បន្នហ្នឹង »។
សូមបញ្ជាក់ថា ការរំដោះទឹកជំនន់ទឹកភ្លៀងយ៉ាងច្រើនក្នុងតំបន់រមយដ្ឋានអង្គររយៈពេលថ្មីៗនេះ ដើម្បីតម្កល់ទឹកយកមករក្សាទុកសម្រាប់បម្រើឱ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងវិស័យបេតិកភ័ណ្ឌ ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ការស្រោចស្រពដំណាំកសិកម្ម និងទុកជាប្រភពទឹកសម្រាប់យកមកចម្រោះធ្វើជាទឹកស្អាតផ្គត់ផ្គង់ដល់ក្រុងសៀមរាបទៀត៕