ទំនប់ម្កាក់ស្រុកជីក្រែងខេត្តសៀមរាប បានក្លាយជាកន្លែងទេសចរណ៍មួយដ៏ទាក់ទាញ

វិទ្យុជាតិកម្ពុជា៖ លោកអេង យូ

សៀមរា៖  ក្រៅពីបំរើវិស័យកសិកម្ម ទំនប់ម្កាក់ស្រុកជីក្រែងខេត្តសៀមរាប បានក្លាយជាកន្លែងទេសចរណ៍​មួយដ៏​ទាក់​​ទាញ ដែលមានប្រជាពលរដ្ឋទៅលេងកម្សាន្តជារៀងរាល់ថ្ងៃ។

ទំនប់ម្កាក់ស្រុកជីក្រែងខេត្តសៀមរាបគឺជាប្រព័ន្ធស្រោចស្រពយ៉ាងសំខាន់បំរើដល់ការងារបង្កបង្កើនផលបស់ប្រជាពលរដ្ឋ ហើយទំនប់នេះក៏បានបង្កើតជាទស្សនីយភាពដ៏ស្រស់ស្អាត ក្លាយជារមណីយដ្ឋានទេសចរ មួយពេញនិយម ដែលអន្ទងចិត្ត ភ្ញៀវទេសចរឱ្យទៅងូតទឹកកម្សាន្តទីនោះជាប្រចាំ។

ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា លោកទូច ទ្រី ប្រធានក្រុមប្រឹក្សាឃុំគោកធ្លកលើ ស្រុកជីក្រែងបានឱ្យដឹងថា ទំនប់ម្កាក់ដែលមានចម្ងាយប្រមាណ៧០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបនោះ បាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ ទៅកម្សាន្តមិនចេះដាច់ ដោយសារទីនោះមានកញ្ចុះបណ្តែតទឹកហូរហែតាមដងផ្លូវ ភ្ញៀវទាំងអស់អាចមកសម្រាកលម្ហែ ថតរូបសែលហ្វ៊ី គយគន់ទេសភាពទំនប់ និងតាមដានពីសកម្មភាពនេសាទដ៏មមាញឹក ខាងក្រោមផ្ទៃខ្សែទឹក ជាពិសេស ភ្ញៀវទេសចរអាចហែលទឹកលេងកម្សាន្តជាលក្ខណៈគ្រួសារដោយក្តីសប្បាយរីករាយ។
លោកបន្តថា ទីនោះក៏មានលក់ជូននូវម្ហូបអាហារជាច្រើនមុខ ក្នុងតម្លៃសមរម្យ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរ ផងដែរ។
សំឡេង៖សម្បូរភ្ញៀវមក គេជិះទាលេង ហែលទឹកលេងនៅជំហៀរហ្នឹងទៅគាត់លក់បានគាត់ដាក់គណៈកម្មាការសំអាតទៅ គាត់លក់ផ្លែឈើ លក់បាយ ត្រីអាំង ត្រីងៀតជាច្រើន»។
គួរជម្រាបផងដែរថា ទំនប់ម្កាក់ ស្ថិតនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានសាងសង់ដំបូងនៅក្នុងឆ្នាំ២០០៩ និងសាងសង់ឡើងបន្ថែមទៀតក្នុងឆ្នាំ២០១៥ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ហើយបញ្ចប់ការសាងសង់ នៅពាក់កណ្តាលឆ្នាំ២០១៧ ដែលអាចស្រោចស្រពផ្ទៃដីកសិកម្ម របស់ប្រជពលរដ្ឋ នៅជុំវិញនោះបានចំនួន ជាង២ម៉ឺនហិកតា៕