គណៈរដ្ឋមន្រ្តីអ៊ីស្រាអែលអនុម័តទៅលើកិច្ចព្រមព្រៀងសន្តិភាពជាមួយអារ៉ាប់រួម ហើយនឹងដាក់ជូនសភាសម្រាប់ការផ្តល់សច្ចាប័ន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០​ — កាលពីព្រឹកថ្ងៃចន្ទ ព្រះអង្គម្ចាស់ Mohammed bin Zayed al-Nahyan នៃរដ្ឋធានី Abu Dhabi របស់អារ៉ាប់រួម បាននិយាយនៅក្នុងបណ្តាញសង្គម Twitter ថា ព្រះអង្គបានជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ដើម្បីពិភាក្សាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងទស្សន វិស័យសម្រាប់សន្តិភាពនៅក្នុងតំបន់។

សេចក្តីថ្លែងការណ៍ផ្លូវការមួយបាននិយាយថា កាលពីថ្ងៃចន្ទ គណៈរដ្ឋមន្រ្តីអ៊ីស្រាអែលបានអនុម័តទៅលើកិច្ចព្រមព្រៀងមួយជាមួយប្រទេសអារ៉ាប់រួម ហើយនឹងត្រូវដាក់ជូនទៅរដ្ឋសភាដើម្បីផ្តល់សច្ចាប័ន។

មន្រ្តីរូបនោះបានសរសេរនៅលើបណ្តាញសង្គម Twitter ថា «គណៈរដ្ឋមន្រ្តីបានយល់ព្រមជាឯកច្ឆន្ទនូវការស្នើឡើងរបស់លោកនាយករដ្ឋមន្រ្តីក្នុងការផ្ទេរសន្ធិសញ្ញាសន្តិភាព«កិច្ចព្រមព្រៀងសន្តិភាព Abraham ៖ សន្ធិសញ្ញាសន្តិភាព ទំនាក់ទំនងការទូត និងប្រក្រតីភាពពេញលេញរវាងអារ៉ាប់រួម និងរដ្ឋអ៊ីស្រាអ៊ែល» ទៅកាន់រដ្ឋ Knesset ដើម្បីទទួលបានការអនុម័តមុនពេលវាត្រូវបានផ្តល់សច្ចាប័នដោយរដ្ឋាភិបាល»។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netayahu បានបញ្ជាក់ថា លោកបានអញ្ជើញព្រះអង្គម្ចាស់នៃរដ្ឋធានី Abu Dhabi មកធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល ហើយលោកបានទទួលលិខិតអញ្ជើញវិញដើម្បីបំពេញទស្សនកិច្ចនៅអារ៉ាប់រួម។

កាលពីថ្ងៃទី ១៣ ខែសីហា ប្រទេសអ៊ីស្រាអែល និងអារ៉ាប់រួម បានឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយដែលត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យទំនាក់ទំនងមានភាពប្រក្រតីឡើងវិញ ដោយនៅក្នុងនោះ បានចែងឱ្យប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនដែលទាក់ទងនឹងការវិនិយោគ ទេសចរណ៍ សន្តិសុខ និងវិស័យផ្សេងៗទៀត។ ។

កិច្ចព្រមព្រៀងខែសីហានេះបានធ្វើឱ្យអារ៉ាប់រួមក្លាយជាប្រទេសអារ៉ាប់ទី៣ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពពេញលេញជាមួយអ៊ីស្រាអែល បន្ទាប់ពីប្រទេសអេហ្ស៊ីបកាលពីក្នុងឆ្នាំ ១៩៧៩ និងប្រទេសហ្ស៊កដានីកាលពីក្នុងឆ្នាំ ១៩៩៤ ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)