បណ្តារដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបយល់ព្រមដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រធានាធិបតីបេឡារុស្សក្នុងពេលឆាប់ៗនេះ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ទ ប្រភពពីការទូតអឺរ៉ុបបានប្រាប់ភ្នាក់ងារសារព័ត៌មាន TASS ថា នៅក្នុងកិច្ចប្រជុំមួយនៅប្រទេសលុចសំបួ បណ្តារដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបបានឯកភាពលើជំហររួមរបស់សហភាពអឺរ៉ុប ស្តីពីការដាក់ទណ្ឌកម្មប្រឆាំងទៅលើប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko ។ សេចក្តីសម្រេចនេះត្រូវបានជំរុញដោយការស្បថចូលកាន់តំណែងរបស់មេដឹកនាំបេឡារុស្សរូបនោះ។

អន្តរការីរូបនេះបាននិយាយថា «បណ្តារដ្ឋមន្រ្តីការបរទេសទាំងអស់បានឯកភាពគ្នាលើជំហររួមមួយ ស្តីពីការបន្ថែមលោកប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko ចូលទៅក្នុងបញ្ជីទណ្ឌកម្មបេឡារុស្ស ដែលលោកបានស្បថចូលកាន់តំណែងនេះបន្ទាប់ពីការបោះឆ្នោតដែលមិនមានសេរីភាព និងយុត្តិធម៌»។

ប្រភពមួយទៀតបាននិយាយថា ការបន្ថែមទៅក្នុងបញ្ជីខ្មៅនេះនឹងត្រូវបានអនុម័តជាផ្លូវការ និងចូលជាធរមាននៅពេលក្រោយ។ អ្នកការទូតអឺរ៉ុបរូបនេះបាននិយាយថា «បណ្តារដ្ឋមន្រ្តីទាំងអស់បានយល់ព្រមបន្តការងារដើម្បីបន្ថែមបុគ្គលថ្មីៗទៅក្នុងបញ្ជីខ្មៅនោះ ដែលរួមមានទាំងលោក Lukashenko ផងដែរ»។

លោកបានកត់សម្គាល់ថា ជំហរនេះនឹងត្រូវប្រកាសនៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនៅថ្ងៃទី ១៥-១៦ ខែតុលា។ សេវាកម្មសកម្មភាពខាងក្រៅនឹងរៀបចំបញ្ជីខ្មៅថ្មីដែលនឹងចូលជាធរមានបន្ទាប់ពីមានការយល់ព្រមជាផ្លូវការពីក្រុមប្រឹក្សាសហភាពអឺរ៉ុប ហើយនឹងបោះពុម្ពផ្សាយនៅក្នុងសារព័ត៌មានផ្លូវការរបស់សហភាពអឺរ៉ុប។

បទពិសោធបានបង្ហាញថា ការអនុវត្តនីតិវិធីពេញលេញអាចចំណាយពេលពីមួយសប្តាហ៍ទៅច្រើនខែ។ មុនពេលកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបនៅកម្រិតរដ្ឋមន្រ្តីការបរទេស សមាជិកខ្លះបានស្នើឱ្យចៀសវាងការដាក់ទណ្ឌកម្មជាគោលដៅប្រឆាំងនឹងលោក Alexander Lukashenko ក្នុងគោលបំណងទុកឱ្យទ្វារបើកចំហសម្រាប់កិច្ចសន្ទនាជាមួយទីក្រុង Minsk ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)