អាស៊ាន និងអាហ្សង់ទីន បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០​ — សិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្តីពីពាណិជ្ជកម្មរវាងអាស៊ាន និងអាហ្សង់ទីន ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១១ ខែតុលា ក្នុងគោលបំណងដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខារវាងភាគីទាំងពីរ។

នៅក្នុងសុន្ទរកថារបស់លោកស្រី Julia Perie សមាជិកសភាអាហ្សង់ទីននៅសភា Mercosur (Parlasur) បានលើកឡើងអំពីអាទិភាពក្នុងការលក់ផលិតផលអាហ្សង់ទីននៅអាស៊ាន និងបញ្ហាប្រឈមក្នុងការធ្វើពិពិធកម្មការនាំចេញ។

លោកស្រីបានគូសបញ្ជាក់ថា ផលិតផលកសិកម្មប្រមាណជិត ៩០ភាគរយនៃការនាំចេញរបស់ អាហ្សង់ទីនទៅកាន់អាស៊ាន ដូច្នេះប្រទេសអាមេរិកឡាទីនមួយនេះផ្តល់អាទិភាពក្នុងការបង្កើតគុណតម្លៃបន្ថែមសម្រាប់របស់ទាំងនោះ រួមជាមួយនឹងការពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងៗទៀតដូចជា វិស័យឧស្សាហកម្មស្បែក ផលិតផលឱសថ និងផ្លាស្ទិក។

លោក Sebastián Molas អនុរដ្ឋលេខាធិការនៃស្ថាប័ន និងទំនាក់ទំនងរដ្ឋាភិបាលនៃខុទ្ទកាល័យរដ្ឋមន្រ្តីបាននិយាយថា ប្រទេសអាហ្សង់ទីននឹងព្យាយាមបង្កើនការធ្វើពាណិជ្ជកម្មជាមួយដៃគូអន្តរជាតិនៅក្នុង រយៈពេលក្រោយវិបត្តិជំងឺកូវីដ-១៩ ហើយអាស៊ានត្រូវបានគេមើលឃើញថា ស្ថិតក្នុងចំណោមតំបន់សំខាន់ៗ និងអាទិភាពរបស់រដ្ឋាភិបាលអាហ្សង់ទីន។

ទន្ទឹមនឹងនេះដែរ ប្រទេសនេះក៏បានយកចិត្តទុកដាក់ទៅលើការនាំចូលឧបករណ៍ទូរគមនាគមន៍ពីតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា និងវេទិកាប្រព័ន្ធផ្សព្វផ្សាយថ្មីរបស់ខ្លួនផងដែរ។

នៅក្នុងពិធីនោះ តំណាងស្ថានទូតវៀតណាមបានលើកឡើងអំពីសមិទ្ធិផលនានារបស់អាស៊ានចាប់តាំងពីបានបង្កើតឡើង រួមមានសន្ទស្សន៍កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងទំនាក់ទំនងរបស់ខ្លួនជាមួយដៃគូអន្តរជាតិនានា៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)