វៀតណាម និងជប៉ុនអនុញ្ញាតឱ្យបើកឡើងវិញសម្រាប់ការធ្វើដំណើរអាជីវកម្មរយៈពេលខ្លី

AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០​ — កាសែត Yomiuri Shimbun បានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសវៀតណាម និងប្រទេសជប៉ុន បានព្រមព្រៀងគ្នាដើម្បីអនុញ្ញាតឱ្យអ្នកជំនួញបន្តធ្វើដំណើររវាងប្រទេសទាំងពីរ សម្រាប់ការធ្វើដំណើរដែលទាក់ទងនឹងការងាររយៈពេលខ្លីនៅដើមខែនេះ។

ប្រទេសវៀតណាមនឹងក្លាយជាប្រទេសទី៣ ដែលរដ្ឋាភិបាលជប៉ុនបានអនុញ្ញាតឱ្យភ្ញៀវទេសចរ រយៈពេលខ្លីធ្វើដំណើរចេញចូលបាន បន្ទាប់ពីប្រទេសសិង្ហបុរី និងសាធារណរដ្ឋកូរ៉េ។

រដ្ឋាភិបាលជប៉ុនគ្រោងនឹងលើកលែងអ្នកធ្វើដំណើរទាំងនេះ ពីការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ប្រសិនបើពួកគេបំពេញតាមតម្រូវការដូចជា ពួកគេត្រូវបានធ្វើតេស្តសម្រាប់រកមេរោគ SARS-CoV-2 ដែលបណ្តាលឱ្យមានជំងឺកូវីដ-១៩ មុនពេលចេញដំណើរ និងពេលមកដល់ដែលត្រូវបានផ្តល់ជូនជាមុន ហើយត្រូវធ្វើដំណើរទៅកាន់ទីតាំងណាដែលទាក់ទងនឹងការងារតែប៉ុណ្ណោះ។

ភាគីទាំងពីរក៏កំពុងពិចារណាយល់ព្រមទៅលើកិច្ចប្រជុំកំពូលមួយនៅពេលដែលនាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga ធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូងរបស់លោកទៅកាន់ប្រទេស វៀតណាមនៅពាក់កណ្តាលខែតុលានេះ។

គិតត្រឹមឆ្នាំ ២០១៩ មានក្រុមហ៊ុនជប៉ុនចំនួន ១.៩៤៣ កំពុងប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម ពោល គឺកើនឡើងទ្វេដងបើគិតត្រឹម ១០ឆ្នាំមុន។ យោងតាមអង្គភាពទេសចរណ៍ជាតិជប៉ុនបានឱ្យដឹងថា មានអ្នកធ្វើដំណើរអាជីវកម្មប្រមាណ ៤០.០០០នាក់មកពីប្រទេសវៀតណាមក្នុងឆ្នាំ ២០១៩ ។

ប្រទេសវៀតណាមបានទទួលជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងពេលថ្មីៗនេះ ដែលនាំឱ្យថ្នាក់ដឹកនាំរដ្ឋាភិបាលជប៉ុនធ្វើសេចក្តីសម្រេចចុងក្រោយរបស់ខ្លួនដូចនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)