ប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិ៣បានកែប្រែជីវភាពថ្មីបន្ទាប់ពីផ្លូវនេះស្ថាបនាជិតរួចរាល់

វិទវិទ្យុជាតិកម្ពុជា​៖ ជួន បូណា

MC៖ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រផ្លូវជាតិ៣ បានកែប្រែជីវភាពថ្មី និងកាត់បន្ថយ ការធ្វើចំណាកស្រុក បន្ទាប់ពីផ្លូវជាតិនេះបានស្ថាបនាជិតរួចរាល់ ដោយមានការពង្រីក កាន់តែធំ ហើយសង្ឃឹមថានឹងមានការវិនិយោគកាន់តែច្រើននៅក្នុងតំបន់នោះ។
លោក ចន មករា អាជីវកររស់នៅក្នុងភូមិផ្សារគុម្ពឫស្សី ស្រុកបាទី ខេត្ដតាកែវបានប្រាប់ វិទ្យុជាតិកម្ពុជាឱ្យដឹងថា គម្រោងកែលម្អផ្លូវជាតិលេខ៣ឡើងវិញនេះ បាននិងកំពុងកែប្រែ មុខមាត់ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ។ ផ្លូវជាតិនេះមានភាពធំទូលាយ បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ,ការដឹកជញ្ជូន ទំនិញ និងកាត់បន្ថយការស្ទះចរាចរណ៍។

លោក​បញ្ជាក់​ថា​«ខ្ញុំមានអារម្មណ៍រីករាយសប្បាយចិត្ដយ៉ាងខ្លាំង ដែលថ្នាក់ដឹកនាំគាត់បាន ធ្វើផ្លូវនេះ កាន់តែងាយស្រួល និងកត្ដាសេដ្ឋកិច្ចមានកំណើនកើនឡើងខ្លាំង មានដូចជា សហគ្រាសរោងចក្រ ប្រជាជនមានការងារធ្វើ ដែលមានប្រាក់កម្រៃចូលក្នុងក្រុមគ្រួសារ បានគ្រប់គ្រាន់»។

អ្នកស្រី សុខ អូន អាជីវកររស់នៅក្នុងភូមិនៀល ស្រុកបាទី ខេត្ដតាកែវ បានឱ្យដឹងដែរថា ការពង្រីកផ្លូវជាតិលេខ៣នេះ គឺមានភាពធំទូលាយ ការធ្វើចរាចរណ៍កាន់តែមមាញឹក ហើយប្រជាពលរដ្ឋអាចប្រកបអាជីវកម្មនៅមុខផ្ទះ ធ្វើឱ្យតម្លៃដីឡើងថ្លៃ និងរោងចក្រ កើតឡើងយ៉ាងច្រើន ដែលបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋយ៉ាងច្រើន។

លោក​ស្រី​បញ្ជាក់​ថា​«ផ្លូវជាតិលេខ៣តាំងពីធ្វើមកមានការអភិវឌ្ឍ ងាយស្រួលធ្វើចរាចរណ៍ ងាយស្រួលរកស៊ី មានរោងចក្រច្រើនមកវិនិយោគ គឺចាប់ពីចោមចៅរាជធានីភ្នំពេញមក គឺមានរោងចក្ររហូតហើយរោងចក្រសុទ្ធតែធំៗ អ៊ីចឹងសម្រួលដល់ប្រជាពលរដ្ឋ មានការងារធ្វើ ហើយដីក៏មានតម្លៃថ្លៃផងដែរ»។

សម្រាប់គ្រួសារអ្នកស្រី ក្នុងមួយថ្ងៃរកចំណូលបានចំណេញយ៉ាងតិច១៥ម៉ឺនរៀល ពីការលក់បុកល្ហុង នំ និងសាំង ជាដើម។

អ្នកស្រីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានដឹកនាំប្រទេសឱ្យមាន សុខសន្ដិភាពនិងរីកចម្រើនលើគ្រប់វិស័យ។

សូមបញ្ជាក់ថា គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត នេះមានប្រវែងសរុបជាង១៣០គីឡូម៉ែត្រ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី ១ ពីចោមចៅរាជធានីភ្នំពេញ ទៅបែកគុសខេត្តកំពតប្រវែង ៦៩គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់២៤ម៉ែត្រកន្លះ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពតប្រវែង ៦៤គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់៧សង់ទីម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។

គម្រោងសាងសង់ផ្លូវជាតិមួយនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២២ ខណៈបច្ចុប្បន្នសម្រេច បាន៨០ភាគរយ ហើយកំពុងសាងសង់សួនច្បារចែកទ្រូងផ្លូវ និងសាងសង់ស្ពានរំលងផ្លូវ ផងដែរ៕ ​