អង្គភាពអ្នកនាំពាក្យ និង រដ្ឋបាលខេត្ត រៀបចំសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន»

AKP បាត់ដំបង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០–

នៅថ្ងៃ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និង រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំសិក្ខាសាលាស្ដីពី«ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន» នៅខេត្តបាត់ដំបង រយៈពេល២ថ្ងៃ ។

សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង។ ក្នុងនោះក៏មានការចូលរួមមន្រ្តីអ្នកនាំពាក្យមកពីខេត្តចំនួន៧ គឺខេត្តបាត់ដំបង, បន្ទាយមានជ័យ, កំពង់ធំ, សៀមរាប, ឧត្តមានជ័យ, ប៉ៃលិន, និងខេត្តបាត់ដំបង ព្រមទាំងអភិបាលក្រុង ស្រុក មន្រ្តីរាជការមន្ទីរ អង្គភាពនានា ជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ផៃ ស៊ីផាន បានមានប្រសាសន៍ពន្យល់ពីកិច្ចការទូទៅមួយចំនួន ពាក់ព័ន្ធនឹងការងារសង្គម ការងាររាជរដ្ឋាភិបាល រហូតថ្នាក់ក្រោមជាតិក្នុងមូលដ្ឋាន ដល់ក្នុងអង្គសិក្ខាសាលា ដល់សិក្ខាកាមដែលបានចូលរួម និងមានវាគ្មិនមួយចំនួនទៀត ដែលបានចូលរួមធ្វើបទបង្ហាញក្នុងសិក្ខាសាលាស្តីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន» នេះផងដែរ៕ ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង)