ក្រសួងសេដ្ឋកិច្ចពង្រឹងសមត្ថភាពមន្ត្រីលើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:

វិទ្យុជាតិកម្ពុជា៖ដោយ អ៊ី កនិកា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធដល់មន្ត្រីជំនាញ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារកសាង
សមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា វគ្គ
បណ្តុះបណ្តាលនេះ មានគោលដៅពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងថែមទៀត ជូនមន្រ្តីរាជការ ដើម្បីចូលរួមចំណែកលើកកម្ពស់តម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធិ នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ ឱ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និង អនុលោមតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
ឯកឧត្តមបញ្ជាក់ថា វគ្គនេះ ក៏ស្រប
ទៅនឹងផែនការរបស់រាជរដ្ឋាភិបាលដែលបានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥ ក្នុងគោលដៅប្រែក្លាយជាបណ្តើរៗ នូវប្រព័ន្ធថវិកាកម្ពុជាឱ្យទៅជាប្រព័ន្ធមួយដែលមាន
ប្រសិទ្ធភាព គណនេយ្យភាព និង តម្លាភាព ស្របតាមឧត្តមានុវត្តអន្តរជាតិ ។
ឯកឧត្តមបញ្ជាក់ថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដំបូងនៅឆ្នាំ ២០០៤ ក្នុងគោលដៅផ្លាស់ប្តូរប្រព័ន្ធថវិកាកម្ពុជា ពីថវិកាផ្អែកលើធាតុចូលនិងមជ្ឈការ ឆ្ពោះទៅថវិកាផ្អែកលើសមិទ្ធកម្មនិងវិមជ្ឈការ ។ បច្ចុប្បន្ន ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតនៅក្នុងដំណាក់កាលទី ៣ សំដៅបង្កើន “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” ព្រមជាមួយនឹងការផ្ទេរនូវភាពជា
ម្ចាស់ និង ការទទួលខុសត្រូវ កាន់តែច្រើន ទៅដល់គ្រប់ក្រសួងស្ថាប័ន រួមនឹង មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។ ដំណាក់កាលទី ៣ នេះ គ្រោងបញ្ចប់ចុងឆ្នាំ ២០២០ ខាងមុខ សម្រាប់ជាមូលដ្ឋានឆ្ពោះទៅអនុវត្តនូវដំណាក់កាលទី ៤ (២០២១-២០២៥) ក្នុងគោលដៅបង្កើន “គណនេយ្យភាពសមិទ្ធកម្ម” ដែលជាគោលដៅចុងក្រោយនៃការកែទម្រង់ដ៏មានសារសំខាន់នេះ ។