អាជ្ញាធរខេត្តពោធិ៍សាត់ បន្តអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី

ពោធិ៍សាត់ ៖ អាជ្ញាធរខេត្តពោធិ៍សាត់ បន្តអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ខណ:ទឹកកំពុងបន្តជន់លិចក្រុងនិងស្រុកទាំងមូលក្នុងខេត្តនេះ។

លោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមអភិបាលខេត្ត​ បានដឹកនាំកងកម្លាំងចម្រុះ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បន្តចុះពិនិត្យស្ថានភាពទឹកជំនន់ និងអន្តរាគមន៍ចុះចែកស្បៀងជូនប្រជាពលរដ្ឋដែលរង ផលប៉ះពាល់ជាបន្តបន្ទាប់ បន្ទាប់ពីទទួលរងនៅឥទ្ធិពលព្យុះនិងភ្លៀងធ្លាក់ខ្លាំងអស់រយះពេលជាច្រើនថ្ងៃជាប់ៗគ្នា ។

លោកបានបន្តថា អាជ្ញាធរតាមមូលដ្ឋានបានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ ជំនន់ទឹកភ្លៀងនេះ ដោយត្រៀមរួចជាស្រេចនូវឧបករណ៍ឬសម្ភារសម្រាប់សង្គ្រោះបន្ទាន់ ក្នុងករណីជំនន់ទឹកភ្លៀង នៅតែបន្តកើនឡើង ដើម្បីជួយសង្គ្រាះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។

លោកបានបន្ថែមទៀតថា គិតត្រឹមថ្ងៃទី១២ ខែតុលានេះ ស្ថានភាពទឹកចាប់ផ្តើមស្រកក្នុងកម្រិតយឺតជាបណ្តើរៗហើយ ប៉ុន្តែនៅតែស្ថិតក្នុងកម្រិតប្រកាសអាសន្ននៅឡើយ ដូច្នេះហើយប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឱ្យបាន ខ្ពស់ក្នុងស្ថានភាពជំនន់ទឹកភ្លៀងនេះ ។

សូមបញ្ជាក់ថា ខេត្តពោធិ៍សាត់បានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងដែលហូរធ្លាក់ពីស្រុកវាលវែងនិងស្រុកភ្នំក្រវាញ បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន៥ស្រុក ក្រុង ស្មើនឹង៩៩៩០គ្រួសារ ជម្លៀសចេញពីផ្ទះទៅកាន់ទីទួលសុវត្ថិភាព ក្នុងនោះមានស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកបាកាន ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ស្មើនឹង៣៣ឃុំ-សង្កាត់ ៕