ស្ថានភាពជំនន់ទឹកភ្លៀងនៅខណ្ឌមួយចំនួនកណ្តាលរាជធានីភ្នំពេញបានវិលមកសភាពធម្មតាវិញហើយ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ


ភ្នំពេញ៖ ស្ថានភាពជំនន់ទឹកភ្លៀងនៅខណ្ឌមួយចំនួនកណ្តាលរាជធានីភ្នំពេញ បានវិលមកសភាពធម្មតាវិញហើយ ខណៈដែលក្រុមការងារបាននិងកំពុងប្រតិបត្តិការក្នុងការបូមទឹកចេញនៅស្ថានីយបឹងទំពុន ក្រោយពីភ្លៀងបានបង្អុរ យ៉ាងខ្លាំងជាប់ៗគ្នាកាលពីប៉ុន្មានថ្ងៃនេះ។
ថ្លែងក្នុងឱកាសចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅស្ថានីយបូមទឹកបឹងទំពុន ស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ១២ ខែតុលានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ក្រោយពីភ្លៀងធ្លាក់រយៈពេលជាង៤ ម៉ោងកាលពីថ្ងៃទី១១ ខែតុលា កន្លងមកនេះបណ្តាលឱ្យភូមិសាស្ដ្រនៅក្នុងរាជធានីភ្នំពេញជន់លិចស្ទើគ្រប់កន្លែង។ ការធ្លាក់ភ្លៀងក្នុងរយៈជាង ៤ ម៉ោងនេះជាប្រវត្តិសាស្រ្ដមួយមិនធ្លាប់មានពីមុនមក ដែលបណ្តាលឱ្យផ្ទះ ប្រជាពលរដ្ឋជាច្រើននៅតាមបណ្តាខណ្ឌនានារងការជន់លិច ខណៈដែលប្រព័ន្ធលូ និងប្រឡាយមេជាច្រើនទឹកហូរមិនទាន់។បន្ថែមពីនេះដោយសារប្រតិបត្តិការក្នុងការបូមទឹកនៅស្ថានីយបឹងទំពុនបានបិទទ្វារទឹកចំនួន ០៣កន្លែង ទ្វារទឹក នៅប្រឡាយបារាំងនៅបឹងសាឡាងនិងនៅមុខមន្ទីរពេទ្យរុស្ស៊ី ដែលការបិទនេះ គឺដើម្បីសង្គ្រោះម៉ាស៊ីនបូមទឹក នៅស្ថានីយបឹងទំពុននេះកុំឲ្យផ្ទុះ ឬរងការខូចខាតធ្ងន់ធ្ងរ ។
ឯកឧត្តម បន្ថែមថា គ្រោះធម្មជាតិនេះរាជធានីភ្នំពេញមិនដែលជួបប្រទះទេ ហើយនេះក៏ជាមេរៀនមួយដែលយើងត្រូវកត់ ត្រាទុក ដើម្បីធ្វើកិច្ចការងាររបស់យើងឲ្យបានល្អប្រសើរថែមទៀតក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ។ ឯកឧត្តមបានឱ្យដឹងទៀតថា ឆ្នាំខាងមុខយើងនឹងយកកម្រិតទឹកភ្លៀងនៅពេលនេះធ្វើជាទឡ្ហីករណ៍ដើម្បីរៀបចំម៉ាស៊ីនបូមទឹក ប្រឡាយ អាងស្តុកទឹកឱ្យមានស្ថិរភាពល្អប្រសើរទៅថ្ងៃអនាគត។
ឯកឧត្តម ឃួង ស្រេង បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញមេត្តាយោគយល់ដល់រដ្ឋបាល រាជធានីភ្នំពេញដោយសារការលិចលង់នេះ ។ អាជ្ញាធរបានប្រឹងប្រែងខ្លាំងណាស់ដើម្បីដោះស្រាយបញ្ហាលិចលង់លំនៅឋានប្រជាពលរដ្ឋនេះ ប៉ុន្តែដោយសារតែភ្លៀង បានអូសបន្លាយរយៈពេលយូរពេក៕​