រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយជាតិផ្សព្វផ្សាយព័ត៌មានឱ្យបានលឿន និងត្រឹមត្រូវជាពិសេសបញ្ហាទឹកជំនន់

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឱ្យប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ បន្តពង្រឹងប្រសិទ្ធភាព គុណភាព និងផ្សាយឱ្យទាន់ ហេតុការណ៍ ជាពិសេសបញ្ហាទឹកជំនន់ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋអ្នកស្តាប់ អ្នកទស្សនានៅក្នុងប្រទេស និងក្រៅប្រទេស។

   ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍នៅក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំឱ្យបណ្តាញព័ត៌មានរបស់ជាតិត្រូវផ្សាយឱ្យបានលឿនទាន់ហេតុការណ៍ និង ផលិតកម្មវិធីថ្មីៗ និង កម្មវិធីអប់រំចំណេះដឹង ដែលមានសារៈប្រយោជន៍ សម្រាប់សាធារណជនទូទៅ។ 

 ឯកឧត្តម បញ្ជាក់ថា បច្ចុប្បន្ន បញ្ហាគ្រោះទឹកជំនន់ កំពុងឡើងខ្លាំងនៅតាមបណ្តាខេត្តមួយចំនួន ក្នុងនោះខេត្ត ពោធិសាត់ និងខេត្តបាត់ដំបង មានការជន់លិចខ្លាំង ដោយសារបញ្ហាព្យុះភ្លៀង បង្ករជាទឹកជំនន់ធំ ដែលចាត់ទុកថាជាជំនន់ធំជាងគេក្នុង រយៈពេល១៥ឆ្នាំចុងក្រោយនេះសម្រាប់ប្រទេសកម្ពុជា ។ ដូច្នេះប្រពន្ធ័ផ្សព្វផ្សាយ ត្រូវផ្សាយនូវព័ត៌មានថ្មីៗទាន់ហេតុការណ៍ និងវិធានការនានា ដែលរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នជំនាញពាក់ពន្ធ័បានដាក់ចេញ ដើម្បីអោយប្រជាពលរដ្ឋបានដឹង ហើយបញ្ចៀសកុំអោយមានគ្រោះថ្នាក់ដោយសារទឹកជំនន់នេះ៕​