អភិបាលរាជធានីភ្នំពេញបន្តណែនាំដល់កម្លាំងរាជអាវុធហត្ថឱ្យបន្តជួយការងារសង្គម និងទប់ស្កាត់ក្រុមជ្រុលនិយមក្បត់ជាតិ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា


ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញបន្តណែនាំដល់កងកម្លាំងរាជអាវុធហត្ថឱ្យបន្តជួយការងារសង្គម និងទប់ស្កាត់ក្រុមជ្រុលនិយមក្បត់ជាតិដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា ដើម្បីធានាបានសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្តក្នុងម្លប់សន្តិភាព ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១២ ខែតុលា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឱ្យបន្តត្រៀមលក្ខណៈ ជាប់ជាប្រចាំជាមួយអាជ្ញាធរមូលដ្ឋានលើការងារជួយសង្គ្រោះក្នុងហេតុការណ៍ណាមួយដូចជា គ្រោះមហន្តរាយ គ្រោះអគ្គីភ័យនិងការអន្តរាគមន៍ចំពោះករណីគ្រោះទឹកជំនន់ទឹកភ្លៀងដែលអាចកើតមានឡើងជាយថាហេតុ ។ ឯកឧត្តមបានបញ្ជាក់ថា កិច្ចការងារជួយសង្គមបន្ថែមនេះ គឺបានជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋបានជាច្រើន ខណៈដែលកងកម្លំាងរាជអាវុធហត្ថរាជធានីភ្នំពេញបានបំពេញការងារស្នូលរបស់ខ្លួនយ៉ាងសកម្ម ដូចជាការបង្រ្កាបបទល្មើស និងបញ្ហាអសន្តិសុខនានាក្នុងសង្គម ដែលធានាបានសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានបន្តអំពាវនាវដល់កម្លំាងសមត្ថកិច្ចនេះឱ្យត្រៀមលក្ខណៈជួយអន្តរាគមន៍ ការពារ សុវត្ថិភាពសង្គម និងការពារសន្តិភាពឱ្យបានគង់វង្ស ខណៈដែលក្រុមជ្រុលនិយមក្រៅច្បាប់មិនទាន់លះបង់គំនិតបំផ្លាញ សេចក្តីសុខ និងសុខសន្តិភាពរបស់កម្ពុជានៅឡើយនោះ។
ជាក់ស្តែងមេដឹកនាំសហជីពខ្លះបានបំផុសឱ្យកម្មករ កម្មការិនី ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ធ្វើកូដកម្មមិនចូលធ្វើការងារ ក្រោមហេតុផលមិនសមរម្យនិងមានចរឹកនយោបាយញុះញង់ ដុតឱ្យខ្លោចរោចឱ្យឆៅ ដើម្បីទាមទារអត្ថប្រយោជន៍ផ្សេងៗ ផ្ទុយពីច្បាប់ ។ ឯកឧត្តម ណែនាំឱ្យកម្លំាងសមត្ថកិច្ចទំាងអស់ មិនត្រូវធ្វេសប្រហែសឡើយ ដោយត្រូវគោរពតាមបទបញ្ជា ឱ្យបានម៉ឺងម៉ាត់ ដើម្បីត្រៀមការពារកុំឱ្យពួកក្បត់ជាតិបានសម្រេចបំណងប្រាថ្នារបស់ពួកវាក្នុងការបំផ្លាញរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ។
ឯកឧត្តម​បញ្ជាក់​ថា​ «កម្លាំងប្រដាប់អាវុធយើងមិនត្រឹមតែបំពេញការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងត្រៀមអន្តរាគមន៍ដ៏មានប្រសិទ្ធភាពលើគ្រប់ភារកិច្ចសង្គមទាំងអស់ ។ត្រៀមរង់ចាំអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងករណីផែនការទប់ស្កាត់វិលត្រឡប់ចូលស្រុកជាលើកទី២ របស់ទណ្ឌិត សមរង្ស៊ីនិងបក្សពួក ដើម្បីធានាប្រក្រតីភាពសង្គម រក្សាជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងធានាបាននូវការ អនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ចំពោះមេក្លោងបដិវត្តពណ៌ »។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ផងដែរថា កងរាជអាវុធហត្ថទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ពិសេសត្រូវយកចិត្តទុកដាក់លើវិធានការតាមដាន ក្តាប់ឱ្យជាប់នូវរាល់ព័ត៌មានប្រែប្រួល ការងារអប់រំពង្រឹងផ្នែកនិតិវិធី ធ្វើជាគំរូល្អសម្រាប់ការគោរពវិន័យកងទ័ព គំរូក្នុងការប្រតិបត្តិច្បាប់ ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ និងប្តេជ្ញាការពារដាច់ខាត ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា។
ដើម្បីសម្រេចបានភារកិច្ចទំាងអស់នេះ ឯកឧត្តម សៅ សុខាបានដាក់ទិសស្លោក ជួយគិតជួយធ្វើ រួមគ្នាទទួលខុសត្រូវ។ ឯកឧត្តមបានបញ្ជាក់ថា ដើម្បីអនុវត្តន៍នូវតួនាទីនិងភារកិច្ចមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាន គឺត្រូវកំណត់ យកកិច្ចការអាទិភាពចំនួន ៧ ធ្វើជាមូលដ្ឋានសម្រាប់ធ្វើសកម្មភាព មានដូចជា ការហូបចុក សម្លៀកពាក់ ការសាងសង់សំណង់អាគារសម្រាប់ស្នាក់នៅធ្វើការរៀនសូត្រ ការថែទាំសុខភាព ការអប់រំហ្វឹកហ្វឺននិងរៀនសូត្រ ការធានាមធ្យោបាយធ្វើដំណើរឧបករណ៍សម្ភារគ្រឿងបំពាក់និងកម្សាន្តលំហែ គោលនយោបាយលើកទឹកចិត្ត ព្រមទាំងដោះស្រាយនូវពេលជួបទុក្ខលំបាក ៕​