អាជ្ញាធរខេត្តកំពង់ចាម ដាំកូនឈើប្រភេទធ្នង់ជិត១០០០ដើម តាមបណ្ដោយផ្លូវគល់ស្ពាន ស្ទឹងត្រង់-ក្រូចឆ្មារ

វិទ្យុជាតិកម្ពុជា ៖  លោកហ៊ាង ចាន់ ថា

កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាំកូនឈើប្រភេទឈើធ្នង់ ប្រមាណជា ១០០០ដើម នៅតាមបណ្ដោយផ្លូវ ចំណុចរង្វង់មូលគល់ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថាន និងផ្តល់ជាម្លប់សម្រាប់ជ្រកអង្គុយលេងជាដើម។ 

ឯកឧត្តមអភិបាលខេត្តបានថ្លែងថា នៅក្នុងខណៈពេលដែលរាជរដ្ឋាភិបាល ជំរុញការអភិវឌ្ឍក្នុងមូលដ្ឋាន ដូច្នេះក្នុងនាមមន្ត្រីអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមទាំងអស់គ្នា ក្នុងការរៀបចំសោភ័ណភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានល្អប្រសើរ។ ជាពិសេសការចូលរួមដាំកូនឈើនាពេលនេះ ពិតជាមានតម្លៃនិងមានប្រយោជន៍យូរអង្វែង ពោលគឺបានចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សោភ័ណភាព នៅក្នុងទីប្រជុំជនរបស់ យើងនេះតែម្តង ។ 

ឯកឧត្តមបានបញ្ជាក់បន្តថា ស្ពានឆ្លងកាត់ទន្លេក្នុងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារនេះ ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ជូនជាពិសេស ដល់ប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចគ្រួសារក្នុងតំបន់ផងដែរ ។ ដូច្នេះយើងត្រូវរួមគ្នាធ្វើយ៉ាងណាឲ្យតំបន់របស់យើងនេះ មានការអភិវឌ្ឍរីកចម្រើន សមស្របទៅនឹងសមិទ្ធផលដ៏ថ្លៃថ្លានេះ។ ម្យ៉ាងទៀតការដាំដើមឈើប្រភេទឈើប្រណិត នាពេលនេះ ក៏បានមកជាមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់ក្រោយផងដែរ