អាជ្ញាធរខេត្តសៀមរាបបន្តសំណូមពរដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នពីគ្រោះទឹកជំនន់ ទោះបីស្ថានភាពទឹកនៅប្រក្រតីក៏ដោយ

វិទ្យុជាតិកម្ពុជា ៖​ លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប

MC. លោកនួន គ្រឹស្នា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តសៀមរាបបានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែតុលានេះស្ថានភាពទឹកនៅក្នុងខេត្តសៀមរាបស្ថិតនៅក្នុងសភាពធម្មតា មិនមានផលប៉ះពាល់ធ្ងន់ធ្ងរ ណាមួយ ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅឡើយទេ។ បើសិនជារយៈពេលពីរថ្ងៃទៀតមិនមានភ្លៀងធ្លាក់ បន្តនោះ ទឹកនឹងចាប់ផ្តើមស្រកទៅវិញបណ្តើរៗ។ 

ទោះជាយ៉ាងនេះក្តីលោកបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះ ដូចជា ក្រោមទំនប់បង្ហូរទឹក តាមដងស្ទឹងនានា ត្រូវតែត្រៀមលក្ខណៈជាស្រេច ចំពោះស្ថានភាពទឹកជំនន់ដែលអាចកើតមានឡើងជាយថាហេតុ ដូចជាត្រូវស្វែងរកទីទួលមានសុវត្ថិភាព និងត្រៀមសម្ភារប្រើប្រាស់ចំបាច់មួយចំនួនជាដើម។

  លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួកបានឱ្យដឹងថា អាជ្ញាធរបានអនុវត្តវិធានការបង្ការ ឬក៏បញ្ចៀសហានិភ័យគ្រោះ ទឹកជំនន់រយៈពេល៣ថ្ងៃកន្លងមកហើយ ដោយមានការចូលរួមពីកម្លាំងសមត្ថកិច្ច របស់គណៈបញ្ជាការឯកភាពស្រុក ព្រះសង្ឃ ប្រជាពលរដ្ឋ និងម្ចាស់គ្រឿងចក្រផងដែរ។  

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា តាមការវិវត្តជាក់ស្តែង នៃស្ថានភាពអាកាសធាតុបង្ហាញថា នៅកម្ពុជាកំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងទទួលនូវឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប(lTCZ)និងសម្ពាធទាបសកម្ម(Active Low)និងវិវត្តប្រែប្រួលជាបន្តបន្ទាប់។លក្ខណៈបែបនេះ នឹងបង្ករឲ្យស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា បន្តធ្លាក់ភ្លៀងទៅមុខទៀតក្នុងកម្រិតពីមធ្យម ទៅច្រើន  ខណៈដែលស្ថានភាពបែបនេះបានបង្កឱ្យជំនន់ទឹកភ្លៀង វាយលុកយ៉ាងខ្លាំងលើបណ្ដាខេត្តមួយចំនួន ជាពិសេសខេត្តបាត់ដំបង និងខេត្តពោធិសាត់ ដែលបណ្ដាលឱ្យលិចលង់ផ្ទះសម្បែង ផ្លូវថ្នល់ ខូចខាតទ្រព្យសម្បត្តិ ស្រែចម្ការច្បារដំណាំរបស់កសិករជាច្រើនហិកតា៕​