ក្រុមកីឡាខ្សោយសតិបញ្ញា៧៣នាក់ចូលរួម ការប្រកួតកីឡា ស្ប៉េស្យាល់ អូឡាំពិកថ្នាកខេត្ត ប្រចាំឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖​ ដោយ​ ម៉ូត​ វ៉ោយហូរ​ មន្ទីរព័ត៌មានបាត់ដំបង

ជនខ្សោយសតិបញ្ញាចំនួន៧៣នាក់ជាក្រុមកីឡាមកពីខេត្តបាត់ដំបងនិងបន្ទាយមានជ័យ ត្រូវបានអនុញ្ញាតអោយចូលរួមប្រកួតក្នុងកម្មវិធីប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២០។ការប្រកួតនេះ ត្រូវបានរៀបចំពិធីបើកកាលពីថ្ងៃទី ១១ ខែតុលា នៅទីលានបាល់ទាត់បុរីរំចេកក្រុងបាត់ដំបង។
លោក លី ឌីណូរី ប្រធានស្ដីទីនៃអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក ខេត្តបាត់ដំបង និង ជាប្រធានគណៈកម្មការបច្ចេកទេស បានឱ្យដឹងថា កីឡាករកីឡាការិនីដែលចូលរួមចំនួន៧៣ នាក់ ក្នុងនោះកីឡាការិនីមាន៤៥នាក់ ។សម្រាបប្រភេទកីឡាដែលដាក់ឱ្យប្រកួត គឺមានកីឡា បាល់ទាត់ អត្តពលកម្ម និង កីឡាប៊ូល។
លោកបន្តថាៈ កីឡាបាល់ ទាត់ផ្នែកបុរសមាន ៣ ក្រុម ក្រុមទី១ គឺក្រុមកីឡាខេត្តបាត់ ដំបង”ក” និង ក្រុមខេត្តបន្ទាយមានជ័យ”ខ” ។ផ្នែកនារី មាន ៣ ក្រុម ក្រុមកីឡាការិនីខេត្តបាត់ដំបង”ក”និងក្រុមខេត្តបន្ទាយមានជ័យ”ខ” ។ កីឡាប៊ូល ខេត្តបាត់ដំបងមាន ៨ នាក់ ខេត្តបន្ទាយមាន ជ័យមាន ៥នាក់ និង កីឡាអត្តពលកម្ម ខេត្តបាត់ដំបងមាន១២នាក់ និងខេត្តបន្ទាយមានជ័យមាន ៨ នាក់។

លោកឆាយម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងនាមក្រុម ប្រឹក្សា និងក្នុងនាមគណៈអភិបាលខេត្ត សូមគាំទ្រ និងកោតសរសើរ ដល់គណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក ខេត្តបាត់ដំបង ដែលបានបង្កើតកម្មវិធីនេះ ព្រោះកម្មវិធីនេះ មានបំណងផ្ដល់ឱកាស ឱ្យជនខ្សោយសតិបញ្ញាទាំងក្មេងទាំងចាស់នៅទូទាំងប្រទេស បានចូលរួមក្នុងសកម្មភាពសង្គម តាមរយៈ វិស័យកីឡា ឱ្យកាន់តែផុលផុសឡើង។

ឯកឧត្តមសែមសុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់អនុគណៈកម្មាធិការ ស្ប៉េស្យាល់ អូឡាំពិក ខេត្តបាត់ដំបង ក្នុងការចូលរួមលើកស្ទួយលើវិស័យពិការភាព ។

ក្នុងឆ្នាំ 2020 នេះ យើងបានបង្កើត អនុគណកម្មាធិការ ស្ប៉េស្យាល់ អូឡាំពិក រាជធានីខេត្តបានចំនួន១៤ រួចមកហើយ ។ ក្រៅពីនេះ យើងបានសហការជាមួយអង្គការ សមាគមនានាដែលបានគ្រប់គ្រងជនពិការខ្សោយសតិបញ្ញា ដើម្បីផ្ដល់ឱកាសឱ្យ បងប្អូន បានហ្វឹកហាត់ និងចូលរួមប្រកួត ដូចជនដទៃទៀតដែលមិនមែនពិការភាព ផងដែរ។នេះជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះជនមានពិការភាព និងជាការរួមចំណែកក្នុងការអនុវត្តច្បាប់ ស្ដីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិជនពិការកម្ពុជា។
ឯកឧត្តមបានអំពាវនាវ ដល់អនុគណកម្មាធិការ ស្ប៉េស្យាល់អូឡាំពិករាជធានីខេត្ត ក៏ដូចជាអង្គការ សមាគម ដែលគ្រប់គ្រងផ្ទាល់ ជួយដល់ជនពិការខ្សោយសតិបញ្ញា និងយកចិត្តទុកដាក់ផ្ដល់ឱកាសឲ្យពួកគាត់បានហ្វឹកហាត់ បានត្រួតពិនិត្យសុខភាព និង បានចូលរួមប្រកួតនានា ដែលយើងបានរៀបចំជារៀងរាល់ឆ្នាំ។ តាមរយៈ កីឡាស្ប៉េស្យាល់ អូឡាំពិកកម្ពុជា តែងទទួលបាន មេដាយមាស មេដៃប្រាក់
និងមេដាយសំរិទ្ធ ជូនប្រទេស ជាតិ ក្នុងការចេញប្រកួតជាលក្ខណៈអន្តរជាតិជាបន្ត បន្ទាប់ រយៈពេលកន្លងមក៕