សេចក្តីព្រាងថវិកាប៉ាន់ប្រមាណរបស់ប្រទេសអ៊ីរ៉ាក់ សម្រាប់ប្រេងមានតម្លៃ ៤២ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅក្នុងឆ្នាំ ២០២១

AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០​ — រដ្ឋមន្រ្តីក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់ លោក Ihsan Ismail បានប្រាប់សារព័ត៌មានរបស់រដ្ឋ Al-Sabah ថា រដ្ឋាភិបាលអ៊ីរ៉ាក់បានធ្វើការប៉ាន់ប្រមាណថា តម្លៃប្រេងក្នុងមួយបារ៉ែលនឹងនៅត្រឹម ៤២ដុល្លារអាមេរិកក្នុងរយៈពេលមួយឆ្នាំក្រោយ ដែលវាត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសេចក្តីព្រាងថវិការបស់ប្រទេសនេះ។

លោក Ismail បាននិយាយថា «យោងតាមទិន្នន័យសេដ្ឋកិច្ចនៃទីផ្សារប្រេងសកលលោក និងការរីករាលដាលនៃជំងឺកូវីដ-១៩ អំពីសកម្មភាពរបស់បណ្តាប្រទេសឧស្សាហកម្មបានឲ្យដឹងថា រដ្ឋាភិបាលអ៊ីរ៉ាក់បានប៉ាន់ប្រមាណនៅក្នុងសេចក្តីព្រាងថវិកាទូទៅសម្រាប់ឆ្នាំ ២០២១ នូវតម្លៃប្រេងក្នុងមួយបារ៉ែលដែលមានត្រឹមតម្លៃ ៤២ដុល្លារអាមេរិក»។

លោករដ្ឋមន្រ្តីរូបនេះក៏បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ប្រទេសចំពោះដែនកំណត់ផលិតកម្មប្រេងដែលបានឯកភាពដោយក្រុមអង្គការ OPEC + និងការបើកចំហរដើម្បីបន្តពេលវេលាក្នុងការលើកកម្ពស់តម្លៃប្រេង។

ជំងឺរាតត្បាតឆ្លងរាលដាលមេរោគកូរ៉ូណាវីរុសបានធ្វើឱ្យអន្តរាយដល់ទីផ្សារប្រេងពិភពលោកក្នុងរយៈពេលមួយឆ្នាំនេះ ដែលធ្វើឱ្យតម្រូវការធ្លាក់ចុះជាមួយនឹងការបិទទ្វារប្រទេស និងការលុបចោលជើងហោះហើរនៅជុំវិញពិភពលោក៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)