លោក Joe Biden ត្រៀមខ្លួនរួចជាស្រេចក្នុងការជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០​ — បើទោះបីជាមានមន្រ្តីកូរ៉េខាងជើង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចពិភាក្សាជាច្រើនជុំ ស្តីពីទស្សនវិស័យនៃការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ហើយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយលោក គីម ជុងអ៊ុន ជាច្រើនលើកច្រើនសារនិងបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនក៏ដោយ ក៏កិច្ចចរចានោះបានជាប់គាំងទៅហើយ។

លោក Joe Biden បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រសិនបើបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យរូបនេះទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅខែវិច្ឆិកាខាងមុខនេះ។

យោងតាមលោក Brian McKeon ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Joe Biden ចាប់តាំងពីឆ្នាំ ១៩៨៥ មក បានឲ្យដឹងថា បើទោះបីជាមានមូលដ្ឋានចាំបាច់ត្រូវបានតម្រូវការក៏ដោយ ក៏កិច្ចប្រជុំនឹងទៅតែដំណើរការទៅមុខ ប្រសិនបើវាត្រូវបានគេមើលឃើញថាជួយសម្រួលដល់ការរំសាយអាវុធនុយក្លេអ៊ែររបស់ប្រទេសកុម្មុយនិស្តមួយនេះ។

ទីប្រឹក្សារូបនេះបាននិយាយថា «រាល់ការប្រជុំនីមួយៗត្រូវតែមានមុនការងារការទូតសំខាន់ៗមួយចំនួននៅថ្នាក់ទាប ជាជាងគ្រាន់តែផ្តល់ការប្រជុំរវាងមេដឹកនាំទាំងពីរ ពីព្រោះដូចដែលអ្នកដឹងស្រាប់ហើយថា កិច្ចចរចារមានភាពស្មុគស្មាញណាស់ទៅលើបញ្ហាប្រឈម ដូចជាបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងជាដើម ដោយអ្នកមិនអាចរំពឹងថា បញ្ហានេះនឹងអាចដោះស្រាយបានដោយគ្រាន់តែមេដឹកនាំកំពូលពីររូបធ្វើការប្រជុំក្នុងរយៈពេលមួយ ឬពីរម៉ោងនោះទេ។

លោក McKeon ដែលបច្ចុប្បន្នកំពុងកាន់តំណែងជានាយកជាន់ខ្ពស់នៅមជ្ឈមណ្ឌល Penn Biden សម្រាប់ការទូត និងការចូលរួមជាសកលលោក បានគូសបញ្ជាក់ថា វិធីសាស្រ្តរបស់អតីតអនុប្រធានាធិបតីចំពោះប្រទេសកូរ៉េខាងជើងនឹងខុសពីលោកប្រធានាធិបតី ដូណាល់ ត្រាំ។

លោក McKeon ត្រូវបានដកស្រង់សម្តីដែលបាននិយាយថា «ខ្ញុំប្រាកដជាគិតថា វាខុសពីរដ្ឋបាលរបស់លោក ត្រាំ ។ លោក Joe Biden យល់ថា បញ្ហាកូរ៉េខាងជើងគឺស្មុគស្មាញណាស់ ហើយអ្នកមិនអាចអាចដោះស្រាយវាបានដោយត្រឹមតែមានកិច្ចប្រជុំកំពូលម្តង ឬពីរដងរវាងមេដឹកនាំពីរនោះទេ»៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)