ប្រទេសចិនសន្យាគាំទ្រដល់ទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើង 

AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០​ — ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្តេជ្ញាប្រឹងប្រែងដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសរបស់លោកជាមួយកូរ៉េខាងជើង និងគាំទ្រការតស៊ូរបស់កូរ៉េខាងជើងក្នុងការជំរុញរបៀបវារៈសង្គមនិយមរបស់ខ្លួន។

ការកត់សម្គាល់របស់លោក ស៊ី នេះបានធ្វើឡើងនៅក្នុងលិខិតមួយដែលផ្ញើទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងឱកាសប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតគណបក្សពលករដែលកំពុងកាន់អំណាចរបស់កូរ៉េខាងជើង (WPK) ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានឲ្យដឹងថា មេដឹកនាំរបស់ប្រទេសចិនបានសរសេរថា «ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅ និងជូនពរដល់ប្រធានសមមិត្ត (លោក គីម) និងតាមរយៈអ្នកទៅកាន់គណៈកម្មាធិការកណ្តាលនៃ WPK និងសមាជិកទាំងអស់នៃ WPK ព្រមទាំងប្រជាជនកូរ៉េ ក្នុងនាមគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តចិន និងក្នុងនាមរូបខ្ញុំផ្ទាល់ ក្នុងឱកាសខួបលើកទី ៧៥ នៃការបង្កើត WPK»។

លោក ស៊ី បានសរសេរបន្ថែមថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោមការដឹកនាំដ៏គួរឱ្យទុកចិត្តរបស់គណៈកម្មាធិការកណ្តាលនៃ WPK ដែលដឹកនាំដោយប្រធានសមមិត្ត គណបក្ស និងប្រជាជនកូរ៉េបានខិតខំប្រឹងប្រែងលើការពង្រឹង ការកសាងបក្ស និងការងារសេដ្ឋកិច្ច ព្រមទាំងបានស៊ូទ្រាំនឹងការលំបាក និងឧបសគ្គគ្រប់បែបយ៉ាងក្នុងស្មារតីនៃការបង្រួបបង្រួមសាមគ្គីភាពជាធ្លុងមួយ និងធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយប្រទេសដទៃទៀត ដើម្បីបង្កើតសមិទ្ធិផលសំខាន់ៗជាបន្តបន្ទាប់ ទន្ទឹមនឹងការឈានទៅមុខជាលំដាប់តាមមាគ៌ានៃសង្គមនិយម»។

ប្រទេសចិន គឺជាប្រទេសកុម្មុយនិស្តជិតខាង និងជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកូរ៉េខាងជើង ដែលមានចំនួនជាង ៨០ភាគរយនៃការនាំចូល និងនាំចេញទូទៅរបស់កូរ៉េខាងជើង។

ទីក្រុងប៉េកាំងក៏ត្រូវបានគេរិះគន់ជាញឹកញាប់ផងដែរចំពោះការខកខានមិនបានអនុវត្តទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិទៅលើប្រទេសកូរ៉េខាងជើង។

លិខិតរបស់លោក ស៊ី ចំពោះលោក គីម កើតឡើងចំពេលដែលមានការស្មានយ៉ាងទូលំទូលាយថា កូរ៉េខាងជើងនឹងបង្ហាញប្រព័ន្ធអាវុធទំនើបថ្មីមួយនៅក្នុងព្យុហយាត្រាយោធារបស់ខ្លួន ។

លោក ស៊ី បានកត់សម្គាល់ថា ទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើង បានឈានដល់ «ទំព័រប្រវត្តិសាស្ត្រថ្មីមួយ» បន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយលោក គីម ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)