អាស៊ានគាំទ្រកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការមិនរីកសាយអាវុធប្រល័យលោក

AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០​ — ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy បាននិយាយថា អាស៊ានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការមិនរីកសាយអាវុធ និងដកហូតអាវុធប្រល័យលោក ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដើម្បីសម្រេចឲ្យបាននូវពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ។

លោកបានធ្វើសេចក្តីថ្លែងការណ៍នេះក្នុងនាមអាស៊ាន ក្នុងកិច្ចពិភាក្សាប្រចាំឆ្នាំនៃគណៈកម្មាធិការដកហូតអាវុធ និងសន្តិសុខអន្តរជាតិនៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានឃើញវត្តមានរបស់ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Volkan Bozkir និងអគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាអ្នកតំណាងជាន់ខ្ពស់សម្រាប់កិច្ចការដកហូតអាវុធ លោក Izumi Nakamitsu។

លោក Quy ដែលជាអ្នកតំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភរបស់អាស៊ានចំពោះអត្ថិភាពនៃអាវុធនុយក្លេអ៊ែរ និងផលវិបាកនៃការប្រើប្រាស់អាវុធទាំងនោះ ដោយលោកបាននិយាយថា អាស៊ានគាំទ្រដល់ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង និងការអនុវត្តពេញលេញនៃសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ (NPT)។

អាស៊ានបានអំពាវនាវដល់ប្រជាជាតិទាំងអស់ឱ្យចូលរួម និងផ្តល់សច្ចាប័នលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ និងសន្ធិសញ្ញាហាមឃាត់នុយក្លេអ៊ែរដ៏ទូលំទូលាយ ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនេះអាចចូលជាធរមានក្នុងពេលឆាប់ៗនេះ។

ឯកអគ្គរដ្ឋទូតវៀតណាមរូបនេះក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចសន្ទនាគ្នា និងកិច្ចចរចា ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េផងដែរ ដោយលោកបាននិយាយបន្ថែមថា អាស៊ានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយដល់ភាគីពាក់ព័ន្ធក្នុងការជំរុញដំណើរការនេះ។

លោកបានរំលឹកឡើងវិញនូវការគាំទ្ររបស់អាស៊ានចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងត្រួតពិនិត្យអាវុធធម្មតា និងថ្មី និងការប្រើប្រាស់តំបន់អវកាសដោយសន្តិភាព ហើយអាស៊ានប្តេជ្ញារក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)