ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន

APP ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០–
(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋយើងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជាប់ជានិច្ច ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពសមាជិកគ្រួសារខ្លួនគ្រប់ៗរូប ខណៈដែលស្ថានការណ៍ ទឹកជំនន់កំពុងបន្តហក់ឡើងនៅតាមបណ្តាខេត្តមួយចំនួន។

ឯកឧត្តមបានបន្តទៀតថា ក្រុមការ កំពុងបន្តតាមដាន និងវាយតម្លៃជាប់ជាប្រចាំនូវស្ថានការណ៏នេះ និងត្រៀមគ្រប់លទ្ធភាពទាំងអស់ តាមដែលអាចធ្វើទៅបាន ដើម្បីជួយសម្រាលទុក្ខលំបាកនានាដែលបាន និងកំពុងកើតមាន។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ដែលបានពួតដៃគ្នាជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្នុងការជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ ទៅកាន់ទីទួលសុវត្ថិភាព បានយ៉ាងទាន់ពេលវេលា និងដោយប្រសិទ្ធិភាព។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកទឹកចិត្ត ឲ្យសមាជិក សមាជិកាយើង បន្តនូវបេសកកម្មជាអាទិភាពនេះ នៅថ្ងៃបន្តបន្ទាប់ រហូតដល់ស្ថានការណ៏មានការធូរស្បើយ៕

ដោយ៖ កន ចំណាន