សម្តេចក្រឡាហោម ណែនាំដល់អភិបាលរាជធានីខេត្ត បន្តជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ជាអាទិភាពបំផុត

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលរាជធានីខេត្ត ឲ្យបន្តជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ជាអាទិភាពបំផុត ព្រោះថាស្ថានភាពភ្លៀងធ្លាក់ខ្លាំងនៅតែបន្តកើតមាន ធ្វើឲ្យជន់លិចភូមិដា្ឋន ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនកន្លែង ជាពិសេសនៅតាមបណ្ដាខេត្តភាគពាយ័ព្យប្រទេស។

សម្តេចបានលើកឡើងថា «ដោយសារស្ថានភាពភ្លៀងធ្លាក់ខ្លាំងនៅតែបន្តកើតមាន ធ្វើឲ្យជន់លិចភូមិដា្ឋន ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនកន្លែង ជាពិសេសនៅតាមបណ្ដាខេត្តភាគពាយ័ព្យប្រទេស ខ្ញុំសូមណែនាំ ឯកឧត្តម លោកជំទាវ បន្តយកចិត្តទុកដាក់ជាអាទិភាពបំផុតលើកិច្ចការសង្គ្រោះអាយុជីវិត និងដោះស្រាយបញ្ហាប្រឈមចំពោះមុខ​»។

នៅក្នុងស្ថានភាពនេះ ការធ្វើចរាចរណ៍នៅតាមដងផ្លូវដែលមានការជន់លិច ក៏អាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ សម្តេចក្រឡាហោម បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងជួយសម្រួលការធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវដែលរងការជន់លិច ដូចជាការផ្អាកការធ្វើដំណើរឆ្លងកាត់ និងការដាក់ស្លាកសញ្ញាសំគាល់ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ។

សម្តេច ស ខេង ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋនៅតំបន់មានការជន់លិច ត្រូវយកចិត្តទុកដាក់តាមដានព័ត៌មាន និងការណែនាំរបស់អាជ្ញាធរ ដើម្បីការពារសុវត្ថិភាព ជាពិសេសរាល់ពេលធ្វើដំណើរនៅតំបន់ ដែលមានការជន់លិច​ ៕

ដោយ៖ កន ចំណាន