អាជ្ញាធរខេត្តបាត់ដំបងបានសង្គ្រោះស្រូវជាង២០០០ហិកតាដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា 

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង កំពុងចុះជួយអន្តរាគមន៍ បើកទម្លាក់ទឹកដែលជន់លិចស្រែបង្ហូរទៅកាន់ដងស្ទឹងបវេល ខណៈដែលដំណាំស្រូវជាង២០០០ហិកតាកំពុងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង។

លោក ឈឹម វជ្ជរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជា ឱ្យដឹងថា ជំនន់ទឹកភ្លៀងធ្វើឱ្យប៉ះពាល់ស្រូវរបស់ប្រជាពលរដ្ឋ ដែលជិតច្រូតកាត់ និងស្រូវទើបព្រួសថ្មី ស្ថិតក្នុងភូមិសាស្ត្រ ស្រុកបវេល ។ អាជ្ញាធរខេត្តបានចុះជួយអន្តរាគមន៍បើកទម្លាក់ទឹកដែលជន់លិចស្រែ បង្ហូរទៅកាន់ដងស្ទឹងបវេល ខណៈជំនន់ទឹកភ្លៀងនាចុងរដូវវស្សា និងទឹកដែលហូរចេញពីប្រភពនៅតាមស្រុក ជាប់នឹងព្រំដែនថៃ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង បណ្ដាលឱ្យប៉ះពាល់ស្រូវបង្កើនរដូវរបស់ពលរដ្ឋនៅស្រុកបវេលប្រមាណជាង ២០០០ហិកតា។

លោកប្រធានមន្ទីរ បានស្នើដល់ប្រជាពលរដ្ឋ ដែលនៅតំបន់រងផលប៉ះពាល់នោះ សូមនាំគ្នាប្រើប្រាស់ទឹកដោយប្រុងប្រយ័ត្ន និងរួមគ្នាទប់ទឹកកុំឱ្យហូរចោលខ្ជះខ្ជាយ ខណៈដែលទីតំាងនេះពុំទាន់មានប្រព័ន្ធធារាសាស្ត្រត្រឹមត្រូវនៅឡើយ ។

ក្នុងឱកាសចុះពិនិត្យពីស្ថានភាពទឹកជំនន់ក្នុងស្រុកបវេល កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០  ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញឱ្យអាជ្ញាធរស្រុក ក៏ដូចជាមន្ទីរពាក់ព័ន្ធ ត្រូវបន្តខិតខំជួយអន្តរាគមន៍នូវបញ្ហា ជំនន់ទឹកភ្លៀងនេះ បើទោះបីមិនទាន់មានការប៉ះពាល់ដល់អាយុជីវិតពលរដ្ឋក្តី ប៉ុន្តែត្រូវត្រៀមជានិច្ចនូវទីទួលសុវត្ថិភាព ហើយពិនិត្យលទ្ធភាពបន្ថែមក្នុងការបង្ហូរទឹកជំនន់នេះឱ្យអស់ពីស្រែរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គិតត្រឹមដើមខែតុលា ឆ្នាំ២០២០នេះ  ខេត្តបាត់ដំបង បង្កបង្កើនផលស្រូវបានចំនួនជាង៣៤ម៉ឺនហិកតា ស្មើនឹង១០៥ភាគរយ ដោយក្នុងនោះមានស្រូវបង្កើនរដូវ ឬស្រូវស្រាលចំនួនជាង ១៧ម៉ឺនហិកតា៕