សម្តេចតេជោនឹងអញ្ជើញទៅបើកការដ្ឋានសាងសង់ផ្លូវទាំង៣៨ខ្សែនៅក្រុងសៀមរាបនាខែវិច្ឆិកាខាងមុខ

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ផ្លូវទាំង៣៨ខ្សែដែល គ្រោងនឹងបើកការដ្ឋានសាងសង់នេះ គឺជាការស្ថាបនាក្នុងទ្រង់ទ្រាយធំមួយ នឹងកែប្រែមុខមាត់ថ្មីនៅក្រុងសៀមរាប ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មជ្ឈមណ្ឌលពាណិជ្ជកម្ម  និងទាក់ទាញភ្ញៀវទេសចរ ។

សម្តេចតេជោបញ្ជាក់ថា៖  «រាជរដ្ឋាភិបាលនឹងទម្លាក់លុយ ១៥០លានដុល្លារចុះទៅខេត្តសៀមរាប ដើម្បីធ្វើផ្លូវ ៣៨ខ្សែ ទី១ បានហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងទេសចរណ៍ស្អាត ដែលខែវិច្ឆិកាខ្ញុំនឹងទៅបើកការដ្ឋានសាងសង់ ហើយ ប្រាក់១៥០លានដុល្លារនេះ មានមួយភាគធំបានទៅលើកម្លាំងពលកម្មនៃកម្មករកម្មការិនីនិងប្រជាពលរដ្ឋដែលចូលរួមធ្វើផ្លូវ»។

ប្រជាពលរដ្ឋក្រុងសៀមរាបបានស្ម័គ្រចិត្តរុះរើសំណង់របស់ខ្លួនដែលបានសង់រំលោភលើដីចំណីផ្លូវទាំង៣៨ខ្សែជាបណ្តើរៗហើយ ដើម្បីបើកផ្លូវឱ្យគណៈកម្មការជំនាញស្ថាបនាផ្លូវទំាងនេះនាពេលឆាប់ៗខាងមុខ ដើម្បីជាប្រយោជន៍សាធារណៈ និងមានផ្លូវធំទូលាយធ្វើដំណើរងាយស្រួលប្រកបដោយសុវត្ថិភាព។

លោក ប៊ូ វណ្ណា ប្រជាពលរដ្ឋរស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានលើកឡើងថា លោកបានយល់ព្រម ក្នុងការរុះរើសំណង់ដោយស្ម័គ្រចិត្តខ្លួនឯង តាមការណែនាំរបស់ក្រុមជំនាញពាក់ព័ន្ធ ស្របតាមបណ្ណកម្មសិទ្ធិដែលអាជ្ញាធរ ប្រគល់ជូន។

លោកបញ្ជាក់ថា «ខ្ញុំស្ម័គ្រចិត្តខ្លួនឯង គេកំណត់ថាត្រូវរើប៉ុន្មានៗខ្ញុំរើតែម្ដង ព្រោះកាលធ្វើប្លង់ ខាងសុរិយោដីគេបញ្ជាក់ ជាមួយយើងថា នឹងមានការពង្រីកផ្លូវ បើយើងចង់បានប្លង់ យើងត្រូវផ្តិតមេដៃថាបើមានការរុះរើគឺយើងស្ម័គ្រចិត្ត ចង់បានផ្លូវធំ ព្រោះវាស្រឡះស្រួល ហើយនៅខ្ញុំនេះជិតសាលារៀន កាលណាបានផ្លូវធំមិនសូវមានគ្រោះថ្នាក់ដល់ក្មេង»។

សូមបញ្ជាក់ថា ផ្លូវក្នុងក្រុងសៀមរាបទាំង៣៨ខ្សែដែលគ្រោងសាងសង់នេះ មានប្រវែងសរុបប្រមាណជាង ៩៨គីឡូម៉ែត្រ រួមមាន ៖ ផ្លូវហ្សាដឺហ្គោល , ផ្លូវកូម៉ៃផ្លូវជាតិលេខ៦ , ផ្លូវក្រវាត់ក្រុងសៀមរាប , ផ្លូវអមមាត់ស្ទឹងសៀមរាប , ផ្លូវឆ្ពោះទៅរមណីយដ្ឋានបារាយណ៍ទឹកថ្លា និងផ្លូវសំខាន់ៗជាច្រើនទៀត នៅក្នុងក្រុង៕