រកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីម្នាក់ លើស្ត្រីជនជាតិបារាំង

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា រកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ថ្មី ម្នាក់ និងមិនមានអ្នកជាសះស្បើយទេគិតត្រឹមព្រឹកនេះ។

សូមបញ្ជាក់ផងដែរថា អ្នកជំងឺដែលទើបឃើញនោះ គឺស្ត្រី​ជនជាតិ​បារាំង​អាយុ ៣៣ ឆ្នាំ​មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ ​ក្នុង​ខេត្ត​ព្រះសីហនុ​។

គាត់ជា​អ្នក​ធ្វើដំណើរ​ពី​ប្រទេស​បារាំង​ ដោយ​បន្ត​ជើងហោះហើរ ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ និងបានមកដល់​កម្ពុជា​នៅ​ថ្ងៃ​ទី ០៨ ខែតុលា​ឆ្នាំ ២០២០។

ក្រសួងសុខាភិបាល បញ្ជាក់ថា លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​គាត់​គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ -១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​រាជធានី​ភ្នំពេញ​ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន ដាក់ឲ្យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​។

ក្រសួងបានកត់សម្គាល់​ថា​ អ្នកដំណើរ​តាមយន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ​ សរុប​​ចំនួន ៥៩ នាក់ ដែល​ក្នុង​ចំនួន​នេះ​មាន​ស្ត្រី​ជនជាតិ​បារាំង​អាយុ ៣៣ ឆ្នាំ​ខាងលើ​។

រីឯ​អ្នកដំណើរ​ចំនួន ៥៨ នាក់​ដែល​មាន​លទ្ធផល​តេ​ស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ -១៩ នោះ​ត្រូវ​បាន ដាក់ឲ្យ ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤ ថ្ងៃ​នៅ​វិទ្យាល័យ​បូរី ១០០ ខ្នង​ចំនួន ០៦ នាក់​ និង៥២នាក់ផ្សេងទៀត ត្រូវបានធ្វើចត្តាឡីស័កនៅ សណ្ឋាគារ​ផ្សេងគ្នា​នៅ​រាជធានី​ភ្នំពេញ​។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ២៨៣ករណី ក្នុងនោះអ្នកជំងឺ២៧៧នាក់ បានជាសះស្បើយ​៕ ដោយ៖ កន ចំណាន