គណៈរដ្ឋមន្ត្រីអនុម័តកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣ ដែលមានគម្រោងសរុបចំនួន៦២៩ និងត្រូវការបរិមាណទុនសរុប ចំនួន ១២ ៧៩៦លានដុល្លារអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០–

សេចក្ដីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣ ដែលមាន៤ជំពូកនិងបញ្ជីតារាងចំនួន១១ ត្រូវបានអនុម័តក្នុងកិច្ចអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា សេចក្ដីព្រាងកម្មវិធីវិនិយោគសាធារណៈ(ក.វ.ស.)៣ឆ្នាំរំកិល ២០២១-២០២៣ មានគោលបំណងបង្ហាញពីទិន្នន័យគម្រោងវិនិយោគដែលមានអាទិភាពខ្ពស់របស់ក្រសួងស្ថាប័ន ដែលជាគោលនយោបាយមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា និងជាផែនទីចង្អុលផ្លូវសម្រាប់ការអនុវត្តគោលនយោបាយដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ(ផ.យ.អ.ជ.) ២០១៩-២០២៣។

សេចក្ដីព្រាង ក.វ.ស. ៣ឆ្នាំរំកិល ២០២១-២០២៣ បានដាក់បញ្ចូលគ្នានូវគម្រោងកំពុងដំណើរការ ដែលការអនុវត្តគម្រោងកំពុងបន្តនៅក្នុងដំណាក់កាល ក.វ.ស. និងគម្រោងសម្រាប់អនុវត្តន៍ផ.យ.អ.ជ. ដែលជាគម្រោងស្នើសុំថ្មីត្រូវអនុវត្តន៍ក្នុងដំណាក់កាល ក.វ.ស.។

ចំពោះ ក.វ.ស. ៣ឆ្នាំរំកិល ២០២១-២០២៣នេះ មានគម្រោងសរុបចំនួន៦២៩ ដែលត្រូវការបរិមាណទុនសរុប ១២ ៧៩៦លានដុល្លារអាម៉េរិក ដោយក្នុងនោះ២០៣ជាគម្រោងកំពុងដំណើរការ ដែលត្រូវការទុនចំនួន ៨ ៣៩៧លានដុល្លារអាម៉េរិក និង ៤២៦ជាគម្រោងសម្រាប់អនុវត្តន៍ ផ.យ.អ.ជ. ឬគម្រោងថ្មី ដែលត្រូវការទុនចំនួន ៤ ៣៩៩លានដុល្លារអាម៉េរិក។

ការវិភាជន៍ទុនដល់គម្រោងនានារបស់ ក.វ.ស.៣ឆ្នាំរំកិល ២០២១-២០២៣ ទៅតាមវិស័យនីមួយៗត្រូវបានកំណត់ ៨,៩ភាគរយ សម្រាប់គម្រោងក្នុងវិស័យសង្គមកិច្ច ៣៤,២ភាគរយ សម្រាប់គម្រោងក្នុងវិស័យសេដ្ឋកិច្ច ៥០,១ភាគរយ សម្រាប់គម្រោងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និង ៦,៨ភាគរយ សម្រាប់គម្រោងក្នុងវិស័យសេវានិងកម្មវិធីអន្តរវិស័យ។ ក្នុងកិច្ចប្រជុំនេះដែរគណៈរដ្ឋមន្ត្រី បានសម្រេចបញ្ជូនទៅសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិ រួមមាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាង ព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម ក្នុងនោះមាន ១- ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ។ ២-ពិធីសារទី៤ស្តីពីសិទ្ធិហោះហើរកូធ័រមីណល (Co-Terminal Rights) រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តន៍កញ្ចប់កិច្ចសន្យាទី៩ និងទី១០នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការហាមឃាត់អាវុធនុយក្លេអ៊ែរ៕ ដោយ ជឹម ណារី (ផ្សាយដោយ៖ កន ចំណាន)