ដើមផ្កាព្រៃជាច្រើនប្រភេទគ្រោងដាំនៅតាមដងផ្លូវក្នុងតំបន់អង្គរ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប 

MC.អាជ្ញាធរជាតិអប្សរាគ្រោងដំាដើមផ្កាព្រៃជាច្រើនប្រភេទនៅតាមដងផ្លូវសំខាន់ៗក្នុងតំបន់អង្គរ  ដើម្បី លើកកម្ពស់សោភ័ណភាពក្នុងឧទ្យានអង្គរឱ្យកាន់តែមានសម្រស់ស្រស់ស្អាត ។

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងដាំដើមផ្កាព្រៃនេះបានធ្វើឡើងដើម្បីជាចំណែក អភិរក្សពូជផ្កាព្រៃ ក៏ដូចជាការលម្អ និងទាក់ទាញភ្ញៀវទេសចរ ក្នុងតំបន់រមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា មានផែនការ គិតគូរពីការរៀបចំនេះរួចរាល់ហើយ ហើយគម្រោងនេះបានចាប់ផ្តើមមុនគេនៅតាមផ្លូវមុខប្រាសាទអង្គរវត្ត ដែលដាំប្រភេទ ផ្កាព្រៃមួយចំនួនមានដូចជា ផ្កាក្ងោក ចំប៉ី ត្របែកព្រៃ ផ្ការលួស និងផ្ការំដួលជាដើម។ ឯកឧត្តមបន្ថែមថា ទៅថ្ងៃក្រោយអាជ្ញាធរ ជាតិអប្សរា នឹងយកគំនិតនេះដើម្បីរៀបចំដាំនៅតាមបណ្ដោយផ្លូវវង់តូចវង់ធំ ឱ្យមានផ្កាចម្រុះពណ៌ដែលជាទស្សនីយភាព កាន់តែទាក់ទាញភ្ញៀវទេសចរ ពេលជិះកាត់តាមផ្លូវទាំងនោះ។

លោក ជា សុខ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកបន្ទាយស្រី បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដោយបានឃើញបរិវេណ មុខប្រាសាទអង្គរវត្តនាពេលបច្ចុប្បន្ន មានទេសភាពប្លែកភ្នែកជាងពេលកន្លងទៅ ព្រោះមានការរៀបចំជាសួនច្បារ និង មានការដាំដើមឈើចម្រុះជាច្រើន។ លោកបញ្ជាក់ថា  ការរៀបចំបែបនេះ នឹងអន្ទងចិត្តភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន ថែមទៀតនៅថ្ងៃអនាគត។

គួរជម្រាបផងដែរថា ក្រៅពីកិច្ចការអភិរក្សពូជផ្កាព្រៃហើយនោះ អាជ្ញាធរជាតិអប្សរា ក៏បានគិតពីពូជផ្កាណា ដែលមាន ក្លិនក្រអូបផងដែរ ហើយដែលក្លិនរបស់វាជាចំណែកមួយក្នុងការទាក់ទាញ និងធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ល្អ ពេលដើរកាត់សួនផ្កាទាំងនោះជាដើម៕​