សាខា ក.ប.ប. ខេត្តប៉ៃលិន បង្កើនការពិនិត្យគុណភាពផលិតផលចិញ្ចឹមទារក និងកុមារ

វិទ្យុជាតិកម្ពុជា៖ លោកញ៉ឹប បូរី

ប៉ៃលិន៖ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំហៅកាត់ថា(ក.ប.ប)ខេត្តប៉ៃលិន នា០៨ ខែតុលាឆ្នាំ ២០២០ បានដឹកនាំកម្លាំងជំនាញសហការជាមួយ មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យផលិតផល ម្សៅទឹកដោះគោ ចិញ្ចឹមទារក និងកុមារ ម៉ាកនូទ្រីលែត ស្ថិតនៅផ្សាប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 

 លោកឈឹម វាសនា ប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តប៉ៃលិនបានអោយដឹងថា៖ដើម្បីសុខភាពប្រជាពលរដ្ឋក៏ដូចជាសុវត្ថិភាពម្ហូបអាហារ  ជាពិសសកុមារ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តប៉ៃលិន  បានអនុវត្តតាមការណែនាំរបស់អគ្គនាយកដ្ឋានផ្ទាល់ គឺត្រួតពិនិត្យមើល ស្រាវជ្រាវ តាមដាន និងមានវិធានការ ចំពោះផលិតផលម្សៅទឹកដោះគោ ដែលមិនមានអនុលោមភាព អំពីស្លាកសញ្ញា ស្របតាមអនុក្រឹត្យ១៣៣ ស្ដីពីការផ្សព្វផ្សាយលក់ផលិតផល សម្រាប់ចិញ្ចឹមទារក និងកុមារ និងសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម លេខ ២៣៨៣ ពណ.អ.កបប ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ និងសេចក្ដីជូនដំណឹងលេខ ២៧៣៣ ពណ.អ.កបប ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ស្ដីពីការដាក់ចេញវិធានការ ចំពោះផលិតផលម្សៅទឹកដោះគោ សម្រាប់ចិញ្ចឹមទារក និងកុមារ ម៉ាកនូទ្រីលែត ( Nutrilatt) ដែលមានលេខកូជ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨, ៥៣៩។ ជាមួយគ្នានោះលោកក៍បានណែនាំផ្សព្វផ្សាយ ដល់អាជីវករថា គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយនោះទេ  ទន្ទឹមនឹងនេះត្រូវយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ព្រមទាំងច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។

សូមបញ្ជាក់ថា៖ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យគុណភាព និងស្លាកសញ្ញាជាអក្សរខ្មែរ លើផលិតផលម្សៅទឹកដោះគោ ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម លេខ ២៣៨៣ ពណ. អ.កបប ចុះថ្ងៃ ២៨ កក្កដា ២០២០ ពាក់ពន្ធ័នឹងផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ។ ជាពិសេស មន្ត្រីសាខា ក.ប.ប. បានផ្សព្វផ្សាយ អនុក្រឹត្យលេខ ១៣៣ ស្តីអំពីផលិតផលចិញ្ចឹមទារក និងកុមារ លើសម្បកវេចខ្ចប់ម្សៅទឹកដោះគោផងដែរ។* ជាលទ្ធផលម្សៅទឹកដោះគោម៉ាកនូទ្រីលែតដែលមានលេខកូដ B/N ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨, ៥៣៩ មិនមានចរាចរលក់ឡើយ៕