ក្រសួងកសិកម្មបន្តយុទ្ធនាការចាក់ថ្នាំបង្កាជំងឺអុតក្តាមនិងសារទឹកលើសត្វពាហនៈ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា


ភ្នំពេញ៖ ក្រុមជំនាញក្រសួងកសិកម្ម បានបន្តយុទ្ធនាការចាក់ថ្នាំបង្កាជំងឺអុតក្តាមនិងសារទឹកលើសត្វពាហនៈ ដើម្បីបង្ការនិងទប់ស្កាត់កុំឱ្យឆ្លងរីករាលដាលជំងឺនេះ ដែលនាំឱ្យខាតបង់ចំណូលរបស់ប្រជាកសិករ។
លោកបណ្ឌិត នូវ និកា ប្រធាននាយកដ្ឋានសុខភាពសត្វនិងសុខភាពសាធារណៈបសុព្យាបាល នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានប្រាប់វិទ្យុជាតិកម្ពុជាថា មន្ទីរកសិកម្មខេត្ត ក៏ដូចជាការិយាល័យបសុព្យាបាលសត្វ បានបង្រៀនពីបច្ចេកទេសឧបករណ៍ និងផ្តល់សម្ភារបរិក្ខារបសុពេទ្យ ថ្នាំការពារ ថ្នាំព្យាបាល និងថ្នាំសម្លាប់មេរោគទៅដល់ភ្នាក់ងារពេទ្យសត្វប្រចាំភូមិ ដើម្បីដោះស្រាយចំពោះហានិភ័យដែលបណ្តាលមកពី ការផ្ទុះជំងឺឆ្លងរាលដាលសត្វធ្ងន់ធ្ងរ និងតាមដានសកម្មភាពជំងឺសត្វ ហើយធ្វើការអន្តរាគមន៍ជាបន្ទាន់ ក្នុងករណីរកឃើញ ជំងឺឆ្លងដល់សត្វនៅមូលដ្ឋាន។ លោកបានបន្តថា កិច្ចការងារនេះធ្វើយ៉ាងណាដើម្បីធានាសុវត្ថិភាពសុខភាពរបស់ សត្វពាហនៈ កុំឱ្យជំងឺឆ្លងរីករាលដាល នាំឱ្យខាតបង់ថវិការបស់ប្រជាកសិករ។
លោកបន្ថែមទៀតថា ក្រុមមន្រ្តីជំនាញតែងតែជំរុញឱ្យកសិករចិញ្ចឹមសត្វ ពិសេស ចិញ្ចឹមគោជាលក្ខណៈគ្រួសារ ដើម្បីទទួលបានតម្លៃខ្ពស់ ខណៈការនាំចូលត្រូវបានកាត់បន្ថយ ស្របពេលកំពុងមានវិបត្តិនៃជំងឺកូវីដ-១៩។
លោក​បញ្ជាក់ថា​«ជាទូទៅអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វយើងមានការប្រុងប្រយ័ត្នហើយព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសបរិបទកូវីដ-១៩នេះ យើងយល់ថាជំងឺសត្វជាពិសេសជម្ងឺសារទឹកជម្ងឺអុតក្តាម។ ការធ្វើជីវៈសុវត្ថិភាពធ្វើយ៉ាងណាកុំឲ្យជំងឺឆ្លងមកដល់ភូមិស្រុក កន្លែងចិញ្ចឹមសត្វកសិករក្តី និងប្រកបមុខរបរ ជាលក្ខណៈ ឧស្សាហកម្មក្តី។ជាពិសេសនោះយើងបានធ្វើការណែនាំផ្សព្វផ្សាយយុទ្ធនាការ ការចាក់វ៉ាក់សាំង ទោះបីយើងមិនអាច ចាក់បាន១០០ភាគរយ ប៉ុន្តែយើងមានថ្នាំការពារជាពិសេសនៅពេលដែលមានជំងឺផ្ទុះជំងឺ យើងធ្វើការទប់ស្កាត់បាន ទាន់ពេលវេលា»។
សូមបញ្ជាក់ថា នៅទូទាំងប្រទេសមានចំនួនសត្វគោក្របីជាង៣លានក្បាល ដែលភាគច្រើនកសិករចិញ្ចឹមជាលក្ខណៈគ្រួសារ សម្រាប់ជាមធ្យោបាយភ្ជួររាស់បំរើឱ្យវិស័យកសិកម្ម និងសម្រាប់យកសាច់លក់ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ៕