អាជ្ញាធរខេត្តមណ្ឌលគិរីជំរុញឱ្យម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ចួលរួមថែរក្សា អនាម័យបរិស្ថាន

វិទ្យុជាតិកម្ពុជា៖ ហាន់ ស្រីណា

មណ្ឌលគិរី៖  អាជ្ញាធរខេត្តមណ្ឌលគិរីបានជំរុញឱ្យម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យកាន់តែល្អបន្ថែមទៀត ពិសេសនារដូវនេះ ដែលអ្នកទេសចរនឹងបន្តទៅលេងច្រើន។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ដោយសាររដូវនេះ មានភ្លៀងធ្លាក់ច្រើន បើទុកដាក់កាកសំណល់មិនបានត្រឹមត្រូវទេ នឹងធ្វើឱ្យបាត់បង់សោភ័ណភាពបរិស្ថាន ហើយនំាឱ្យ ប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ។ 

ឯកឧត្តមបន្ថែមថា កន្លងមកអាជ្ញាធរខេត្តរួមជាមួយមន្ទីរពាក់ព័ន្ធតែងតែជំរុញដល់ម្ចាស់អាជីវកម្មទេសចរណ៍ក្នុងខេត្តទាំងអស់ ត្រូវពង្រឹងទាំងផ្នែកបដិសណ្ឋារកិច្ច កន្លែងស្នាក់នៅ និងកន្លែងកម្សាន្ត ក៏ដូចជាការផ្ដល់សេវាកម្មម្ហូបអាហារ (ត្រូវមានអនាម័យនិងតម្លៃសមរម្យ )ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តម្ដងហើយចង់មកម្ដងទៀត។ ឯកឧត្តមបានបញ្ជាក់ថា នាដូវនេះខេត្តមណ្ឌលគិរីមានទេសភាពស្រស់ស្អាត មានវាលស្មៅពណ៌បៃតងស្រស់ រួមជាមួយនឹង សម្រស់ព្រៃឈើតូចធំជាច្រើនទៀត ដែលអន្ទងចិត្តភ្ញៀវទេសចរមកលេងខេត្តនេះមិនចេះដាច់។អាជ្ញាធរខេត្តបានយកចិត្ត ទុកដាក់ជាខ្លំាងលើបញ្ហាសន្តិសុខ អនាម័យបរិស្ថាន ដើម្បីបន្តទាក់ទាញភ្ញៀវទេសចរ។

សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរីមានតំបន់ទេសចរណ៍ជាច្រើនកន្លែងដែលទាក់ទាញភ្ញៀវទេសចរគ្រប់រដូវកាល មានដូចជា៖ ទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ សមុទ្រឈើ តំបន់ភូមិជនជាតិភាគតិច តំបន់ភ្នំណាមលៀរ ទឹកជ្រោះលែងអន លែងឃិន ដែលទីនោះមានទេសភាពល្អប្រណិតនិងមានធនធានធម្មជាតិ និងព្រៃឈើធំៗជាច្រើនប្រភេទទៀត៕​