ប្រធានាធិបតីកូរ៉េខាងត្បូងសង្ឃឹមថានឹងមានកិច្ចសហប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិកស្តីពីការប្រកាសបញ្ចប់សង្គ្រាមកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០​ — កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយថា ទីក្រុងសេអ៊ូលសង្ឃឹមថានឹងមានកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកជុំវិញបញ្ហានៃការប្រកាសបញ្ចប់ជាផ្លូវការនូវសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ ។

លោក មូន បាននិយាយថា «ខ្ញុំសង្ឃឹមថា ប្រទេសយើងទាំងពីរនឹងធ្វើការឆ្ពោះទៅរកសេចក្តីប្រកាសបញ្ចប់សង្គ្រាម និងទាក់ទាញការចូលរួមយ៉ាងសកម្មពីសហគមន៍អន្តរជាតិនៅក្នុងបញ្ហានេះ»។

លោកបាននិយាយបន្ថែមថា ការប្រកាសបញ្ចប់សង្គ្រាមពិតជានឹងត្រួសត្រាយផ្លូវសម្រាប់សន្តិភាពនៅឧបទ្វីបកូរ៉េ។

យោងតាមប្រធានាធិបតីរូបនេះបានឲ្យដឹងថា ការបង្កើតសន្តិភាពអចិន្រ្តៃយ៍នៅឧបទ្វីបកូរ៉េ គឺជា «មធ្យោបាយពិតតែមួយគត់ដើម្បីតបស្នងការបូជា និងការលះបង់របស់អតីតយុទ្ធជនសង្គ្រាមកូរ៉េ»។

កាលពីខែកញ្ញា លោក មូន ជេអ៊ីន បាននិយាយនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ ថា វាដល់ពេលហើយដែលត្រូវបញ្ចប់ជាផ្លូវការនូវសង្គ្រាមកូរ៉េ និងស្នើឱ្យអង្គការសហប្រជាជាតិជួយក្នុងការបញ្ចប់សេចក្តីប្រកាសដែលពាក់ព័ន្ធ។

នៅក្នុងឆ្នាំ ១៩៥៣ ទាំងកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នា ដែលបានបញ្ចប់ជម្លោះរយៈពេល ៣ឆ្នាំ ។ ប៉ុន្តែទោះជាយ៉ាងណា ឧបទ្វីបកូរ៉េនៅតែមានសង្គ្រាមជាផ្លូវការ ព្រោះសង្គ្រាមបានបញ្ចប់ដោយគ្មានសន្ធិសញ្ញាសន្តិភាពណាមួយ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)