សឹង្ហបុរី៖ អត្រាគ្មានការងារធ្វើខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០​ — របាយការណ៍មួយដែលចេញផ្សាយដោយក្រសួងការងារនៃប្រទេសសឹង្ហបុរីកាលពីថ្ងៃទី ៧ ខែតុលា បានបង្ហាញថា អត្រាគ្មានការងារធ្វើរបស់ប្រជាជននៅក្នុងប្រទេសនេះបានកើនឡើង ០,៤ភាគរយនៅក្នុងខែសីហា ដែលធ្វើឲ្យមានចំនួនដល់ ៤,៥ភាគរយដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។

របាយការណ៍បានកត់សម្គាល់ថា ក្នុងកំឡុងពេលមានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) ក្នុងឆ្នាំ ២០០៣ អត្រាគ្មានការងារធ្វើមានចំនួន ៦,២ភាគរយក្នុងខែកញ្ញា ហើយវាមានចំនួន ៤,៩ភាគរយក្នុងអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីខែកញ្ញា ឆ្នាំ ២០០៩ ។

លោកស្រី Josephine Teo រដ្ឋមន្រ្តីក្រសួងការងារបាននិយាយថា នៅពេលនេះ វាពិបាកក្នុងការទស្សទាយថា តើនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ អត្រាគ្មានការងារធ្វើនឹងកើនឡើងក្នុងអត្រាលឿនជាង ឬស្ថិតនៅដដែលនោះទេ។

ក្នុងរយៈពេល ៣ខែរហូតដល់ចុងខែមិថុនា ការកាត់បន្ថយបុគ្គលិកមានច្រើនជាងទ្វេដងដល់ ៨.១៣០នាក់ បើប្រៀបធៀបទៅនឹងត្រីមាសទី ១ នៃឆ្នាំនេះដែលមានចំនួន ៣.២២០នាក់។

លោកស្រីបាននិយាយថា រដ្ឋាភិបាលសឹង្ហបុរីបានណែនាំកម្មវិធីថ្មីមួយដែលមានឈ្មោះថា ការលើកទឹកចិត្តកំណើនការងារ (Jobs Growth Incentive) ដែលផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២៥ភាគរយនៃប្រាក់ឈ្នួលដំបូងប្រចាំខែដែលមានចំនួន ៥.០០០ដុល្លារសឹង្ហបុរី សម្រាប់ការជួលបុគ្គលិកក្នុងស្រុកថ្មីរបស់ក្រុមហ៊ុននីមួយៗពួកគេមានអាយុក្រោម ៤០ឆ្នាំ ហើយវានឹងកើនឡើងទ្វេដងដល់ ៥០ភាគរយសម្រាប់ប្រាក់ខែនីមួយៗសម្រាប់អ្នកដែលមានអាយុ ៤០ឆ្នាំឡើងទៅ។

ដើម្បីមានសិទ្ធិទទួលបានគម្រោងនេះ ក្រុមហ៊ុននានាត្រូវបង្កើនចំនួនកម្លាំងពលកម្មក្នុងស្រុករបស់ពួកគេនៅចន្លោះខែកញ្ញា និងខែកុម្ភៈឆ្នាំក្រោយ បើប្រៀបធៀបទៅនឹងខែសីហា។ ពួកគេក៏ត្រូវបង្កើនចំនួនការងារក្នុងស្រុកដែលបង់ប្រាក់ឈ្នួលយ៉ាងតិច ១.៤០០ដុល្លារសឹង្ហបុរីក្នុងប្រាក់ខែសរុបដុលផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)