សិក្ខាសាលាអាហារូបករណ៍វិទ្យាសាស្ត្របច្ចេកវិទ្យាអាស៊ានត្រូវបានធ្វើឡើង

AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០​ — កាលពីថ្ងៃទី ៨ ខែតុលា សិក្ខាសាលាបិទជិតក្នុងទម្រង់និម្មិតនៃអាហារូបករណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាស៊ានឆ្នាំ ២០១៩-២០២០ ត្រូវបានសហការរៀបចំឡើងដោយមូលនិធិអាស៊ាន គណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិត ព្រមទាំងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ។

អាហារូបករណ៍នេះផ្តល់នូវឱកាសសម្រាប់អ្នកវិទ្យាសាស្ត្រនៅអាស៊ីអាគ្នេយ៍ ក្នុងការអនុវត្តចំណេះដឹង និងជំនាញវិភាគរបស់ពួកគេក្នុងការលើកកម្ពស់ការធ្វើគោលនយោបាយដោយផ្អែកទៅលើភស្តុតាងនៅក្នុងតំបន់។

ក្នុងសិក្ខាសាលារយៈពេល ២ថ្ងៃតាមប្រព័ន្ធអ៊ីនធើណេតនេះ មានអ្នកវិទ្យាសាស្ត្រ ១៧រូបដែលត្រូវបានជ្រើសរើសមកពី ៩ប្រទេសជាសមាជិកអាស៊ាន បានធ្វើបទបង្ហាញស្តីពីវិធីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ – ជំងឺកូវីដ-១៩ សេដ្ឋកិច្ចឌីជីថល ការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកវិទ្យា ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ។ ។

ជាមួយគ្នានេះដែរ ពួកគេក៏បានពិភាក្សាអំពីវិធីដើម្បីទាញយកអត្ថប្រយោជន៍បណ្តាញអតីតនិស្សិតដែលមានស្រាប់ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបង្កើតគោលនយោបាយដោយផ្អែកលើភស្តុតាង។

យោងតាមនាយកទីភ្នាក់ងារ USAID ប្រចាំនៅអាស៊ាន លោក Ryan Washburn បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៤ មក អាស៊ាន និងសហរដ្ឋអាមេរិកបានសហការគាំទ្រដល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចំនួន ៦៩នាក់ដែលបានបម្រើការនៅមន្ទីរចំនួន ២៩ ក្នុងតំបន់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)