ប្រទេសថៃលើកទឹកចិត្តឱ្យប្រើប្រាស់យានយន្តអគ្គិសនី

AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០​ — ក្រសួងឧស្សាហកម្មនៃប្រទេសថៃកំពុងជំរុញផែនការប្រកបដោយមហិច្ឆតារបស់ខ្លួនក្នុងការធ្វើឲ្យតម្លៃយានយន្តអគ្គិសនី (EVs) ខិតកាន់តែកៀកនឹងតម្លៃរថយន្តដើរដោយថាមពលប្រេងឥន្ធនៈ ដោយកាត់បន្ថយពន្ធលើការនាំចូលគ្រឿងបន្លាស់រថយន្តដែលត្រូវបានប្រើដើម្បីដំឡើងរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ។

ការិយាល័យសេដ្ឋកិច្ចឧស្សាហកម្មត្រូវបានចាត់តាំងឱ្យធ្វើការសិក្សាលទ្ធភាពនៃជម្រើសកាត់បន្ថយពន្ធ និងបញ្ជូនលទ្ធផលរបស់ខ្លួនទៅគណៈកម្មាធិការគោលនយោបាយយានយន្តអគ្គិសនីដែលត្រូវបានគេស្គាល់ថា ជាក្រុមប្រឹក្សាភិបាលអគ្គិសនី សម្រាប់ការពិចារណានៅក្នុងខែនេះ។

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មថៃ លោក Suriya Jungrungreangkit បានរំពឹងថា វិធានការណ៍ពន្ធនឹងជួយបង្កើនតម្រូវការនៅក្នុងប្រទេសថៃសម្រាប់រថយន្តអគ្គិសនីដែលនៅតែមានតម្លៃថ្លៃ ហើយនៅពេលដំណាលគ្នានេះ ក៏ជាការគាំទ្រដល់វិធានការរបស់រដ្ឋក្នុងការទប់ស្កាត់ធូលី PM2.5 ដែលបង្កគ្រោះថ្នាក់ដោយម៉ាស៊ីនរថយន្តចាស់ៗផងដែរ។

លោកបាននិយាយបន្ថែមថា ការកាត់បន្ថយពន្ធនឹងធ្វើឱ្យរថយន្តអគ្គិសនីមានតម្លៃថោកជាងមុន ហើយអត្រាពន្ធបច្ចុប្បន្នមានចំនួន ៨០ភាគរយនៃតម្លៃគ្រឿងបន្លាស់រថយន្ត។

ក្រុមស្រាវជ្រាវនឹងធ្វើការពិចារណាលើការកាត់បន្ថយពន្ធសម្រាប់គ្រឿងបន្លាស់រថយន្ត និងរថយន្តអគ្គិសនីដែលបានតម្លើងរួចរាល់ទាំងស្រុង។

លោក Suriya បាននិយាយថា កត្តាផ្សេងៗទៀតដែលត្រូវបានពិចារណារួមមាន ផែនការរបស់រដ្ឋក្នុងការបង្កើនចំនួនយានយន្តអគ្គីសនី នៅក្នុងប្រទេស និងតម្លៃយានយន្តអគ្គីសនីដែលមានតម្លៃសមរម្យសម្រាប់អ្នកទិញ ដែលអាចមានចាប់ពីតម្លៃ ៧០០.០០០បាត ដល់ ៨០០.០០០បាត (ប្រមាណពី ២២.៣០០ ដល់ ២៥.៥០០ដុល្លារអាមេរិក)។

យោងតាមផែនការមេនៃយានយន្តអគ្គីសនីរបស់ប្រទេសថៃបានឲ្យដឹងថា បណ្តាមន្រ្តីនានាគ្រោងនឹងអភិវឌ្ឍឧស្សាហកម្មយានយន្តអគ្គីសនីក្នុងស្រុក ដែលធ្វើឱ្យប្រទេសថៃក្លាយជាមូលដ្ឋានផលិតកម្មដ៏សំខាន់មួយនៅក្នុងតំបន់។ ចំនួនរថយន្តអគ្គិសនីនឹងកើនដល់ ៧៥០.០០០គ្រឿង ឬ ៣០ភាគរយនៃការផលិតយានយន្តដែលមានចំនួនសរុប ២,៥លានគ្រឿងនៅក្នុងឆ្នាំ ២០៣០៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)