ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃធ្លាក់ចុះ ៧ ទៅ ៩ភាគរយនៅក្នុងឆ្នាំ ២០២០

AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០​ — គណៈកម្មាធិការអចិន្រ្តៃយ៍រួម ស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) របស់ប្រទេសថៃបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសនេះនឹងធ្លាក់ចុះពី ៧ ទៅ ៩ភាគរយនៅក្នុងឆ្នាំនេះ បើទោះបីជាការនាំចេញអាចធ្លាក់ចុះតិចជាងការគ្រោងទុកពីមុនក៏ដោយ ពីព្រោះជំងឺរាតត្បាតនៅតែជាហានិភ័យនៅឡើយ។

គណៈកម្មាធិការនេះបាននិយាយថា ខ្លួនបានឈរលើការព្យាករណ៍របស់ខ្លួនអំពីការធ្លាក់ចុះសេដ្ឋកិច្ចពី ៧ ទៅ ៩ភាគរយ ហើយអតិផរណានឹងធ្លាក់ចុះពី ១ ទៅ ១,៥ភាគរយនៅក្នុងឆ្នាំនេះ។

ទោះជាយ៉ាងណា ការនាំចេញត្រូវបានគេរំពឹងថានឹងធ្លាក់ចុះពី ៨ ទៅ ១០ភាគរយជំនួសឱ្យការព្យាករណ៍លើកមុនដែលមានចំនួនពី ១០ ទៅ ១២ភាគរយ បន្ទាប់ពីការដឹកជញ្ជូនមានភាពប្រសើរឡើងវិញកាលពីពេលថ្មីៗនេះ។

ប្រទេសសេដ្ឋកិច្ចធំបំផុតទី ២ នៅអាស៊ីអាគ្នេយ៍មួយនេះបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលជាងពីរទសវត្សនៅក្នុងត្រីមាសទី ២ ដោយសារការផ្ទុះឡើងនៃជំងឺរាតត្បាតដែលរារាំងដល់វិស័យទេសចរណ៍ និងការនាំចេញដែលមានប្រហែល ៦០ភាគរយនៃផលិតផលក្នុងស្រុកសរុបកាលពីឆ្នាំមុន។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីរបស់លោក Kalin Sarasin ប្រធានសភាពាណិជ្ជកម្មថៃ និង JSCCIB ដែលបាននិយាយថា សេដ្ឋកិច្ចថៃគួរតែងើបឡើងវិញនៅចុងឆ្នាំនេះ ដោយសារវិធានការគ្រប់គ្រង និងវិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។

ប៉ុន្តែនៅក្នុងត្រីមាសទី ៤ គឺជាបញ្ហាប្រឈមដោយសារមានការផ្ទុះឡើងថ្មីៗនៅក្នុងប្រទេសមួយចំនួន ហើយនោះអាចជាបញ្ហាសម្រាប់ការនាំចេញនាពេលអនាគត។

ក្រសួងពាណិជ្ជកម្មថៃបានរាយការណ៍កាលពីចុងខែកញ្ញាថា ការនាំចេញរបស់ថៃមានភាពប្រសើរឡើងវិញនៅក្នុងខែសីហា ដោយឈានដល់តម្លៃជាង ២០ប៊ីលានដុល្លារអាមេរិកជាលើកដំបូងក្នុងរយៈពេល ៥ខែ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)